ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្លិបកីឡាតេក្វាន់ដូ WT (World Taekwondo) ពិភពថ្មីគ្រងតំណែងជើងឯកបន្ទាប់ពីក្លិបនេះដណ្តើមបានមេដាយមាសរហូតដល់៥គ្រឿងច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២២ មានរហស្សនាមថា “Korean Ambassador’s Cup 2022 Taekwondo Competition”។
ក្នុងឱកាសពិធីបិទ និងប្រគល់ជ័យលាភី មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត Park Heung kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ។
លោក គង់ សក្ខិដាដែលជាអគ្គលេខាធិការរងបាននិយាយថា ការប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ Best of the Best 2022 មានក្លិបចំនួន២០ ព្រមទាំងក្រសួង២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដោយមានក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT និងគ្រូបង្វឹកចំនួន ១៤១នាក់ និងគ្រូបង្វឹក៣២នាក់មកពី ៦ រាជធានីខេត្តក្រុងសរុបទាំងអស់១៧៣នាក់។
ក្លិបកីឡាតេក្វាន់ដូ WT ពិភពថ្មីឈ្នះជើងឯក ដណ្តើមបានមេដាយមាស ៥ គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ ៤គ្រឿង, ក្លិបកីឡាតេក្វាន់ដូ WT BT ដណ្តើមបានមេដាយមាស ៤ គ្រឿង និងសំរិទ្ធ១គ្រឿង, ក្លិបកីឡាតេក្វាន់ដូ WT មិត្តភាពដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង, ក្លិបកីឡាតេក្វាន់ដូ WT BG ដណ្តើមបានមេដាយមាស ២ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៤គ្រឿង និងក្លិបកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៥ គ្រឿង និងប្រាក់១គ្រឿង។
ចំពោះក្លិបកីឡាតេក្វាន់ដូ WT ឌ្រីមស្ព័ត ដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ៣គ្រឿង, ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែកដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង, ក្លិបកីឡាតេក្វាន់ដូ WT វ៉ុនក្វាងដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង, និងក្លិបកីឡាតេក្វាន់ដូ WT ហូសាណាដណ្តើមបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១គ្រឿង៕