ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា​បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ​ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។នេះបេីយោង តាមសេក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រ ជាជនកម្ពុជា​ នៅថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២។

គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរ​ ថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

សូមជម្រាបថា​ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានគណៈរដ្ឋមន្ត្រីបញ្ជូនទៅដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងកោះប្រជុំនៅសប្តាហ៍ក្រោយដើម្បីពិនិត្យ និងឲ្យគណៈកម្មការជំនាញសិក្សា។

កន្លងទៅនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់អ្នកកាសែតថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាហើយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានទទួលហើយរដ្ឋសភានឹងធ្វើតាមនីតិវិធីនឹងប្រជុំគណៈកម្មាធិោការអចិន្ត្រៃយ៍ដើម្បីពិនិត្យ មើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភា ពេញអង្គដើម្បីពិនិត្យ និងអនុម័ត ។

អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាគ្រោងនឹងកោះប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបាន សម្រេចឯកភាពដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ និងដែលមានខ្លឹមសារធ្វើវិសោធនកម្មចំនួន ៨ មាត្រា ដែលមានដូចជា មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕សរន