ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបានប្រឈមមុខនឹងភាពចលាចលថ្មីកាលពីថ្ងៃអាទិត្យទី១៧កក្កដានៅពេលដែលប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសថាលោកបានបណ្តេញមន្ត្រីអនុវត្តច្បាប់កំពូលពីររូបរបស់គាត់ នៅក្នុងការរុះរើដ៏ធំបំផុតរបស់រដ្ឋាភិបាលចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយដ៏សាហាវកាលពីខែកុម្ភៈ។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បណ្តេញអគ្គរដ្ឋអាជ្ញានិងប្រធានទីភ្នាក់ងារចារកម្មជាតិដោយសង្ស័យថាពួកគេពាក់ព័ន្ធអំពើក្បត់
វិបត្តិក្នុងស្រុកបានកើតឡើងខណៈសហភាពអឺរ៉ុបបានត្រៀមពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទទី១៨កក្កដានេះនិងខណៈដែលរដ្ឋាភិបាលទីក្រុងគៀវបានចោទប្រកាន់ទីក្រុងមូស្គូថាបើកការវាយប្រហារថ្មីៗលើតំបន់លំនៅដ្ឋានជាច្រើននៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។
ការវាយប្រហារថ្មីនេះបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានប្រកាសថាខ្លួននឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួនហើយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានដំឡើងជើងទម្របាញ់មីស៊ីលនៅក្នុងរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។
លោកហ្សេលេនស្គីបាននិយាយថា គាត់បានបណ្តេញអគ្គរដ្ឋអាជ្ញា អៀរីណា វេណេឌីកតូវ៉ា (Iryna Venediktova) និងប្រធានសន្តិសុខ អ៊ីវ៉ាន់ បាកាណូវ (Ivan Bakanov)ចំពេលមានករណីសង្ស័យក្បត់ជាតិដោយមន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនច្រើនឡើង។
នៅក្នុងសុន្ទរកថាថ្នាក់ជាតិមួយ លោកហ្សេលេនស្គីបាននិយាយថា ករណីសង្ស័យចំនួន ៦៥០ នៃអំពើក្បត់ជាតិនិងការជួយរុស្ស៊ីដោយមន្ត្រីសន្តិសុខអ៊ុយក្រែន បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតរួមទាំងករណីមន្ត្រីចំនួន ៦០ ដែលគាត់និយាយថាបានបន្តរស់នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយកំពុងធ្វើការប្រឆាំងនឹងរដ្ឋរបស់យើង”។
លោកហ្សេលេនស្គីបាននិយាយថា “ឧក្រិដ្ឋកម្មក្នុងចំនួនធំធេងបែបនេះប្រឆាំងនឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិនិងការភ្ជាប់ទំនាក់ទំនងដែលបានបង្កើតឡើងរវាងមន្ត្រីអនុវត្តច្បាប់អ៊ុយក្រែននិងសេវាកម្មពិសេសរបស់រុស្ស៊ី បានដាក់ជាសំណួរធ្ងន់ធ្ងរដល់មេដឹកនាំពាក់ព័ន្ធ”។
“សំណួរនីមួយៗនឹងត្រូវបានឆ្លើយជូន”។
លោកហ្សេលេនស្គីក៏បានគូសបញ្ជាក់ផងដែរអំពីកម្លាំងយោធាដ៏បំផ្លិចបំផ្លាញ ដែលក្រុងមូស្គូបានប្រើប្រឆាំងនឹងអ៊ុយក្រែន ដោយនិយាយថា គិតត្រឹមថ្ងៃអាទិត្យកងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីបជាង ៣.០០០ គ្រាប់លើគោលដៅក្នុងប្រទេសអ៊ុយក្រែន។
ជាមួយនឹងជម្លោះកំពុងកើតឡើងជាបន្តនិងរីករាលដាលកាន់តែខ្លាំងឡើងចូលទៅក្នុងវិបត្តិថាមពលនិងអាហារពិភពលោក រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងពិចារណាលើការហាមឃាត់ការទិញមាសពីរុស្ស៊ី ហើយឥស្សរជនរុស្ស៊ីច្រើនរូបទៀតក៏អាចត្រូវដាក់ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបដែរ៕
រដ្ឋាភិបាលទីក្រុងគៀវបានចោទប្រកាន់ទីក្រុងមូស្គូថាបើកការវាយប្រហារថ្មីៗលើតំបន់លំនៅដ្ឋានជាច្រើននៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន