ប្រែសម្រួលៈបំណង(ST)៖ ពួកអ្នកពន្លត់ភ្លើងបាននិងកំពុងខិតខំទប់ទល់ភ្លើងព្រៃដែលកំពុងវាតទីនៅពាសពេញអឺរ៉ុបភាគនិរីកាលពីថ្ងៃអាទិត្យនៅពេលរលកកំដៅមួយមិនបានជួយអោយអណ្តាតភ្លើងថមថយទេ ហើយសីតុណ្ហភាពនៅអង់គ្លេសឡើងជិតដល់កំរិតខ្ពស់បំផុតមិនដែលធ្លាប់មាន។
ភ្លើងព្រៃកំពុងកើតមាននៅបារាំង ក្រិច ព័រទុយហ្កាល់ និងបារាំង ដោយវាបានបំផ្លាញដីរាប់ពាន់ហិចតាបង្ខំអោយមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះនិងបានសម្លាប់បុគ្គលិកផ្នែកគ្រាអាសន្នមួយចំនួនចាប់តាំងពីសប្តាហ៍មុនមក។
វាជារលកកំដៅទីពីរដែលវាយប្រហារផ្នែកខ្លះនៃអឺរ៉ុបខាងត្បូងនៅរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ពួកអ្នកវិទ្យាសាស្ត្របន្ទោសលើការប្រែប្រួលអាកាសធាតុនិងព្យាករណ៍ថានឹងមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំងៗកាន់តែញឹកញាប់ទៅ ដូចជារលកកំដៅនិងភាពរាំងស្ងួត។
ក្រុមអគ្គិភ័យនៅតំបន់ជីរ៉ុន(Gironde)របស់បារាំងភាគនិរតីកំពុងតស៊ូគ្រប់គ្រងភ្លើងព្រៃពីរកន្លែងដែលបានបំផ្លាញព្រៃអស់ប្រមាណ១១.០០០ហិចតាចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនមក។វាក៏បង្ខំអោយមនុស្សជាង១៤.០០០នាក់ រួមមានអ្នកស្រុកនិងអ្នកទេសចរភៀសខ្លួន ដោយជម្រកបណ្តោះអាសន្នចំនួនប្រាំពីរត្រូវបានបង្កើតឡើង។
ផ្នែកឧតុនិយមបារាំងព្យាករណ៍ថា សីតុណ្ហភាពឡើងដល់៤០អង្សាសេនៅផ្នែកខ្លះនៅបារាំងខាងត្បូងនៅថ្ងៃអាទិត្យទី១៧កក្កដា ហើយកំដៅឡើងថែមទៀតនៅថ្ងៃចន្ទទី១៨កក្កដា។
កំដៅក៏ទំនងជាបានបង្កការបាក់ទឹកកកនៅជួរភ្នំអាល់ភីន(Alpine)នៅអ៊ីតាលីដោយសម្លាប់មនុស្ស១១នាក់ផងដែរ។
ក្នុងពេលជាមួយគ្នា អាជ្ញាធរអេស្បាញបានរាយការណ៍ភ្លើងព្រៃប្រមាណ២០កន្លែងកំពុងឆាបឆេះហួសពីការអាចគ្រប់គ្រងបាននៅផ្នែកផ្សេងៗនៃប្រទេសចាប់ពីភាគខាងត្បូងដល់តំបន់ហ្កាលីសា( Galicia)នៅចុងពាយព្យប្រទេស កន្លែងដែលភ្លើងបំផ្លាញព្រៃអស់ប្រមាណ៤.៥០០ហិចតា។
អគ្គិភ័យនៅអេស្បាញនេះបានបណ្តាលអោយមានការជម្លៀសមនុស្សជាង៣ពាន់នាក់។
ក្នុងពេលជាមួយគ្នា សីតុណ្ហភាពត្រូវរំពឹងថានឹងឡើងដល់៤២អង្សាសេនៅទីក្រុងឡូហ្គ្រោណូ(Logrono)និង៤០អង្សានៅក្រុងម៉ាឌ្រីដ រួមទាំងទីក្រុងសេវីល(Seville)។អ្នកបោសសម្អាតវ័យ៦០ឆ្នាំម្នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារកំដៅកាលពីថ្ងៃសៅរ៍។
ការប្រយុទ្ធទល់នឹងភ្លើងព្រៃក៏បណ្តាលអោយបាត់បង់អាយុជីវិតបុគ្គលិកផ្នែកគ្រាអាសន្នមួយចំនួន រួមមានអាកាសយានិកម្នាក់នៅពេលយន្តហោះដឹកទឹករបស់គាត់ធ្លាក់នៅព័រទុយហ្កាល់ និងពីរនាក់ទៀតស្លាប់នៅក្រិចនៅពេលឧទ្ធម្ភាគចក្រដឹកទឹករបស់គេធ្លាក់ចូលក្នុងសមុទ្រ។
នៅព័រទុយហ្កាល់ មួយប្រទេសស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់អំពីភ្លើងព្រៃទោះជាសីតុណ្ហភាពធ្លាក់ចុះបន្តិច ក្រោយវាឡើងដល់៤៧អង្សាសេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។មានភ្លើងព្រៃធំតែមួយកំពុងបន្តឆេះកាលពីថ្ងៃអាទិត្យ។
នៅក្រិច សេវាការពារស៊ីវិលបានតស៊ូនឹងភ្លើងព្រៃនៅលើកោះក្រេត(Crete)តាំងពីថ្ងៃសុក្រមកនិងអាចគ្រប់គ្រងវាបានហើយ។
នៅចក្រភពអង់គ្លេស អាជ្ញាធរកំពុងព្រមានអំពីកំដៅខ្លាំងបំផុត ដោយប្រាប់ប្រជាជនអោយប្រយ័ត្នប្រយែងជីវិតរបស់គេ។ការិយាល័យឧតុនិយមបាននិយាយថាអាកាសធាតុនៅអង់គ្លេសខាងត្បូងអាចនឹងឡើងដល់៤០អង្សាសេជាលើកដំបូងនៅថ្ងៃចន្ទឬអង្គារ ជាហេតុបណ្តាលអោយមានការបិទសាលារៀនខ្លះ៕
អាកាសធាតុក្តៅនិងភ្លើងព្រៃដ៏អាក្រក់កំពុងវាយប្រហារផ្នែកជាច្រើននៃអឺរ៉ុបភាគនិរតី