​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កំណត់​ត្រា​របស់​តុលាការ​បាន​បង្ហាញថា គូស្នេហ៍​ជា​តារា​ល្បី នាង ជេន​នី​ហ្វើ ឡូប៉េស (Jennifer Lopez) និង​លោក បិ​ន អា​ហ្វ​ផ្លិច (Ben Affleck) បាន​រៀបការ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ឡាសវេ​ហ្គាស ពោលគឺ ១៨ ឆ្នាំ​បន្ទាប់ពី​ស្នេហា​គ្រា​ដំបូង​របស់​ពួកគេ​បាន​បរាជ័យ​។​

​គូស្នេហ៍​ទាំងពីរ​បាន​ចង​ចំណងអាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កក្កដា នេះ​បើ​យោង​តាម​សំបុត្រអាពាហ៍ពិពាហ៍​ដែល​ពួកគេ​បាន​ដាក់​នៅ​ខណ្ឌ​ក្លាក​ខោ​ន​ធី (Clark County) រដ្ឋ​ណេវ៉ា​ដា (Nevada) ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP ។​

​អា​ហ្វ​ផ្លិច​អាយុ ៤៩ ឆ្នាំ និង​ឡូប៉េស​អាយុ ៥២ ឆ្នាំ បាន​ជួបគ្នា​ជា​លើកដំបូង​នៅ​កន្លែង​ថត​ខ្សែភាពយន្ត Gigli ក្នុង​ឆ្នាំ ២០០២​។​ពួកគេ​បាន​ក្លាយជា​គូស្នេហ៍​ល្បី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេល​ពួកគេ​ណាត់​​ជួបគ្នា ប៉ុន្តែ​បាន​ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍​ឆ្នាំ ២០០៣​របស់​ពួកគេ ហើយ​បន្ទាប់មក​បាន​ប្រកាសថា​ទំនាក់ទំនង​របស់​ពួកគេ​បាន​បញ្ចប់​នៅ​ដើមឆ្នាំ ២០០៤​។​

“​បិ​ន​នី​ហ្វើ​” (Bennifer) ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​ជា​សាធារណៈ​របស់​គូស្នេហ៍​នេះ​ពី​ទំនាក់ទំនង​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើកដំបូង​របស់​ពួកគេ​បាន​លេចឡើង​ល្បី​ម្តងទៀត​លើ​អ៊ី​ន​ធឺ​ណេត​កាល​​ពី​ឆ្នាំ​មុន នៅពេលដែល​រូបថត​របស់​ពួកគេ​នៅ​ជាមួយគ្នា​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ម្តងទៀត​។

​ឡូប៉េស​និង​អា​ហ្វ​ផ្លិច​បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួកគេ​នៅ​ខែ​មេសា​។​

​ឡូប៉េស​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ខ្លួន​នាង​រំភើបចិត្ត​និង​សរសើរ​ចិញ្ចៀន​ពណ៌​បៃតង​មួយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​នាង ចំណងជើង​ថា On The JLo​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​បាន​រាយការណ៍​ថា ចិញ្ចៀន​នោះ​គឺ​ជា​ត្បូង​ពេជ្រ​ពណ៌​បៃតង​ស្លេក​កាត់​ចេញពី​ត្បូង​មរកត​។

​នេះ​ជា​អាពាហ៍ពិពាហ៍​លើក​ទី​៤​សម្រាប់​ឡូប៉េស​និង​លើក​ទី​២​សម្រាប់​អា​ហ្វ​ផ្លិច​៕

ឡូប៉េស​និង​អា​ហ្វ​ផ្លិច​រៀប​ការ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ឡាសវេ​ហ្គាស