​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អាយ៉ា​តុលឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei)​បាន​ប្រាប់​ទូរទស្សន៍ al Jazeera របស់​ប្រទេស​កាតា​កាលពី​ថ្ងៃអាទិត្យ ទី​១៧ កក្កដា​ថា តាមន័យ​បច្ចេកទេស​អ៊ីរ៉ង់​មាន​សមត្ថភាព​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែ​មិនទាន់​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ផលិត​ឬ​យ៉ាងណា​នោះ​ទេ​។​

​ទីប្រឹក្សា​ឈ្មោះ កា​ម៉ាល់ ខា​រ៉ា​ហ្ស៊ី (Kamal Kharrazi) បាន​និយាយ​បែបនេះ តែ​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិកចូ​បៃ​ដិនបាន​បញ្ចប់​ដំណើរ​ទស្សនកិ​ច្ច​រយៈពេល​បួន​ថ្ងៃ​របស់​គាត់​ទៅកាន់​​ប្រទេស​អ៊ីស្រាអែល​និង​អា​រ៉ាប៊ីសាអូឌីត ដោយ​ប្តេជ្ញា​ថា​នឹង​បញ្ឈប់​អ៊ីរ៉ង់​ពី “​ការផលិត​អាវុធ​នុយក្លេអ៊ែរ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ខា​រ៉ា​ហ្ស៊ី​គឺជា​ការលើកឡើង​ដ៏​កម្រ​ដែលថា អ៊ីរ៉ង់​អាច​នឹង​មាន​ចំណាប់​អារម្មណ៍​លើ​អាវុធ​នុយក្លេអ៊ែរ ដែល​ខ្លួន​បាន​បដិសេធ​ជា​យូរ​មក​ហើយ​ថា​មិន​បាន​ព្យាយាម​ស្វែងរក​នោះទេ​។​

​លោក​បាន​និយាយថា “​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មកនេះ យើង​អាច​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដល់​ទៅ ៦០ ភាគរយ ហើយ​យើង​អាច​ផលិត​បាន​យ៉ាង​ងាយ​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម ៩០ ភាគរយ​…​។​អ៊ីរ៉ង់​មាន​​មធ្យោបាយ​បច្ចេកទេស​ដើម្បី​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​ទាន់​មាន​ការសម្រេចចិត្ត​ពី​អ៊ីរ៉ង់​ដើម្បី​ផលិត​នៅឡើយ​ទេ​”​។​

​អ៊ីរ៉ង់​បាននិងកំពុង​បង្កើន​ការ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​រហូតដល់​ទៅ ៦០ ភាគរយ​រួចទៅហើយ ពោលគឺ​លើសពី​ចំនួន ៣,៦៧ ភាគរយ​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ របស់​ក្រុងតេ​ហេ​រ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​។​

​អ៊ុយ​រ៉ា​ញ៉ូម​ដែល​ចម្រាញ់​ដល់ទៅ ៩០ ភាគរយ​គឺ​សមរម្យ​សម្រាប់​គ្រាប់បែក​នុយក្លេអ៊ែរ​៕