​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​បិសាច​ក្រហម Manchester United ជិត​ទិញ​បាន​កីឡា​ករទី​បី​នៃ​រដូវក្តៅ​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​សម្រេច​ជាមួយ Ajax​ជុំវិញ​​ការផ្ទេរ​កីឡាករ លី​សាន​ដ្រូ ម៉ា​ទីណេស (Lisandro Martinez)​។​

​អ្នក​ចាត់ការ​ទូទៅ​ថ្មី លោក អេ​រិក ធិន ហាក (Erik ten Hag) បានឃើញ​គ្រី​ស្ទាន អេ​រិក​សិន (Christian Eriksen) សម្រេចការ​ផ្ទេរ​មក​កាន់​ទឹកដី Old Trafford កាលពី​ថ្ងៃ​សុក្រ ពោលគឺ ១០ ថ្ងៃ​បន្ទាប់ពី​កីឡាករ ធី​រែល ម៉ា​ឡា​សៀ (Tyrell Malacia) បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​នៃ​យុគសម័យ​ដឹកនាំ​របស់​គ្រូបង្វឹក​ហូឡង់​រូប​នេះ​ហើយ​មួយ​រូប​ទៀត​ក៏​នឹង​ជិត​​មក​ដល់​ដែរ​។​

United បាន​ប្រកាស​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៧​កក្កដា​ថា ម៉ា​ទីណេស​ជិត​ឈានដល់​ការចុះហត្ថលេខា​ហើយ ដោយ​រង់ចាំ​តែ​ការពិនិត្យ​សុខភាព លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​លក្ខខណ្ឌ​តម្រូវ​នៃ​ទិដ្ឋាការ​របស់​​ចក្រភព​អង់គ្លេស​។​

​សេចក្តីថ្លែងការណ៍​មួយ​បានសរសេរថា “Manchester United មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការប្រកាស​ថា​ក្លិប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Ajax​សម្រាប់​ការផ្ទេរ​ខ្សែការពារ​អន្តរ​​ជាតិ​អា​ហ្សង់​ទីន លី​សាន​ដ្រូ ម៉ា​ទីណេស ដែល​នៅសល់​តែ​ការ​ពិនិត្យ​សុខភាព លក្ខខណ្ឌ​ផ្ទាល់ខ្លួន​របស់​កីឡាករ និង​លក្ខខណ្ឌ​តម្រូវ​នៃ​ទិដ្ឋាការ​របស់​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​”​។​

​ម៉ា​ទីណេស​បាន​ហោះ​ទៅកាន់​ប្រទេស​អង់គ្លេស​កាលពី​ចុង​សប្តាហ៍​ដើម្បី​បំពេញ​បញ្ចប់​កិច្ចព្រមព្រៀង​របស់ខ្លួន ដែល​គេ​រំពឹងថា​នឹង​មាន​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​។​

​ខ្សែការពារ​កណ្តាល​ម៉ា​ទីណេស​នឹង​ចាកចេញ​ពី Ajax ក្នុង​តម្លៃ​ខ្លួន​បឋម ៥៧,៣៧ លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ​វា​អាច​កើនឡើង ១០ លាន​ដុល្លារ​បន្ថែមទៀត នេះ​បើ​តាម​ក្លិប​ហូ​ឡង់​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​៕

កីឡាករ លី​សាន​ដ្រូ ម៉ា​ទីណេស​