ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រយៈពេលពេញ មួយថ្ងៃ ដេីម្បីកែសម្រួលខ្លឹមសារគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលបានមកពី លទ្ធផល នៃអង្គសិក្ខាសាលា ស្តីពីការពង្រឹងសក្តានុពល គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី ៩-១០ ខែកក្កដា ឆ្នាំ២០២២ កន្លងមក។

សិក្ខាសាលា ស្តីពីការពង្រឹងសក្តានុពល គណបក្សខ្មែររួបរួម រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ បានរកឃើញចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីលើកទិសដៅ ជាក់លាក់ ដើម្បីដណ្តើមយកអាសនៈ នៅក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣ ខាងមុខនេះ។

សិក្ខាសាលានេះ មានប្រធានបទ ចំនួន ៥ រួមមានៈ
១. គោលនយោបាយ និងគោលជំហររបស់ គណបក្សខ្មែររួបរួមជាតិ
២. កំណែទម្រង់រចនាសម្ព័ន្ធ ការពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ
៣. ចំណុចខ្លាំង និងចំណុចខ្សោយ និងការធ្លាក់ចុះប្រជាប្រិយភាព និងសំឡេងគាំទ្រ
៤. ផែនការសកម្មភាព ដើម្បីរកសំឡេងគាំទ្រ ស្តារកិត្តិយស កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ឱ្យល្អឡើងវិញ។
៥. ផែនការ គៀងគររកភស្តុភារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ គណបក្សខ្មែររួបរួមជាតិ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអរគុណលោកបណ្ឌិត មាស នី និងលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្តល់អនុសាសន៍ពាក់ព័ន្ធសិទ្ធិសេរីភាព លទ្ធិប្រជាធិប តេយ្យ​ពិសេសតួនាទីគណបក្សនយោបាយ ដែលត្រូវមានគោលជំហរច្បាស់លាស់ ក្នុងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ផលប្រយោជន៍ប្រទេសជាតិ ការពារយុត្តិធម៌ សង្គម ដើម្បីអោយការអនុវត្តនីតិរដ្ឋ មានភាពល្អប្រសើរឡើង។

លោកបានបន្តថាៈ សិក្ខាសាលា រយៈពេល ២ថ្ងៃ រកឃើញតថភាព នឹងអាចលើកទិសដៅ ជាក់លាក់ ដើម្បីដណ្តើមយកអាសនៈ នៅក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣ ខាងមុខនេះ។ លទ្ធផលនៃក្រុមពិភាក្សាទាំង៥ ដែលបានពិភាក្សាគ្នា តាមប្រធានបទនីមួយៗ រកឃើញ និងធ្វើការបូកសរុបរួចមកហើយនេះ គណបក្ស នឹងយកលទ្ធផលទាំងអស់នេះ ទៅដាក់ជូនអង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យសម្របសម្រួលបូកបញ្ចូលអនុសាសន៍ និងមតិយោបល់ល្អៗ របស់លោកបណ្ឌិត មាស នី ហើយនឹងរៀបចំចងក្រងជាសៀវភៅ ឯកសារមួយ សម្រាប់យកទៅអនុវត្តជាក់ស្តែង នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ញឹក ប៊ុនឆៃ មានសង្ឃឹមយ៉ាងមុតមាំថា គណបក្សខ្មែររួបរួមជាតិ ក្រោយពីយក លទ្ធផលរបស់អង្គសិក្ខាសាលា ស្តីពីការពង្រឹងសក្តានុពលរបស់គណបក្ស ទៅអនុវត្ត ឱ្យបានគ្រប់ជ្រុងជ្រោយ គណបក្សយើង នឹងមានភាពរឹងមាំល្អ កាន់តែប្រសើរឡើង មានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិ ដាក់ផែនការយុទ្ធសាស្ត្ររកសំឡេងគាំទ្រ ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ គណបក្សខ្មែររួបរួមជាតិ ដាក់ផែនការយុទ្ធសាស្ត្រ រកសំឡេងគាំទ្រ ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ឲ្យបានយ៉ាងតិច ១៥ អាសនៈ។ ការដាក់ចេញផែនការយុទ្ធសាស្ត្រនេះ បានធ្វើឡើង នៅក្នុងសិក្ខាសាលា ស្តីពីការពង្រឹង សក្តានុពល គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី ០៩-១០ ខែកក្កដា ឆ្នាំ២០២២ នេះ ។

នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុប ចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០,៨៨% និងទទួលបានអាសនៈ ចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ៕/V-PC