ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ កម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឆ្នាំ២០២២-២០២៣ បានអនុម័តសម្រេច ប្រទេសបន្ដវេន ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម រហូតដល់ ៥ តំណ ពោលគឺ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣៣។
នេះជាជោគជ័យថ្មីមួយទៀត ដែលត្រូវបានចាត់ទុកថា ជារបត់ថ្មី ចេញពីកម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២ (CAMSOC) បានថ្លែងក្រៅពីទទួលបានជោគជ័យ ក្នុងការអនុម័តប្រភេទកីឡា និងអនុម័ត ការលក់សិទ្ធិទូរទស្សន៍ កម្ពុជា បានសម្រេចជោគជ័យ ដ៏កម្រមួយទៀត គឺការអនុម័តប្រទេសម្ចាស់ផ្ទះបន្ដវេន ៥តំណ បន្ដពីកម្ពុជា ក្នុងរជ្ជកាលលោកបណ្ឌិត ថោង ខុន ជាប្រធាន SEAGF ។
គោលដៅកំណត់ម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម ៥ តំណបន្ដទៀត ដោយកិច្ចប្រជុំ បានអនុម័តថា ស៊ីហ្គេម ឆ្នាំ២០២៥ គឺធ្វើនៅថៃ ឆ្នាំ២០២៧ នៅម៉ាឡេស៊ី ឆ្នាំ២០២៩ នៅសិង្ហបុរី ឆ្នាំ២០៣១ នៅឡាវ និងឆ្នាំ២០៣៣ នៅហ្វីលីពីន។ អ៊ីចឹង ការអនុម័ត ជាបន្ដបន្ទាប់នេះ បានបញ្ជាក់នូវទំនុកចិត្ដមួយ ក្នុងការរក្សានិរន្ដរភាព នៃការអភិវឌ្ឍចលនា កីឡាអូឡាំពិក ក្នុងតំបន់។
ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកបានគូស
បញ្ជាក់បន្ថែមថាៈ ក្នុងរបត់ថ្មីនេះ ដោយផ្ដើមចេញពីកម្ពុជា អត់ដូចពីមុននោះទេ ដែលមិនមាន ការអនុម័ត ឬដឹងមុនថា ប្រទេសណា ត្រូវធ្វើម្ចាស់ផ្ទះបន្ទាប់? បច្ចុប្បន្ន ពិសេសក្រោយ បរិបទកូវីដ-១៩ ធូរស្រាល គឺមានប្រទេសជាច្រើន បានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះ មានន័យថា មានការប្រជែងគ្នា ដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះ ខុសពីគ្រាមុន មិនសូវមាន ប្រទេសណា ចង់រៀបចំព្រឹត្តិការណ៍កីឡាធំៗ បែបនេះឡើយ។
ឥឡូវនេះ ដល់ពេលហើយ តំបន់នេះ (តំបន់អាស៊ាន) គឺមានការប្រែប្រួល។ អ៊ីចឹង របត់ថ្មីចេញពីកម្ពុជា ហើយជោគជ័យបំផុត ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន គឺបានកំណត់ ៥ តំណ ធ្វើការរួមគ្នា បានន័យថា កំណត់បាន ១០ ឆ្នាំ ដើម្បីបន្ដនិរន្ដរភាព ទៅមុខទៀត។
ប្រទេសទាំងអស់ សប្បាយចិត្ត មានភាពកក់ក្ដៅ រង់ចាំដល់វេនខ្លួន គឺរៀបចំឲ្យបានល្អ បានន័យថា ប្រទេសទទួលបានសិទ្ធិហ្នឹង គាត់មានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីដឹងថា គាត់ដល់ពេលណាៗ ហើយធ្វើឲ្យគុណតម្លៃ នៃការរៀបចំការប្រកួត កាន់តែលេចត្រដែត និងឈានទៅដល់ស្ដង់ដារ កាន់តែខ្ពស់ឡើងៗ ថែមទៀត៕/V-PC