ដោយៈ សរិទ្ធ / ភ្នំពេញ: ជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ពីរគ្រាប់ តែផ្ទុះមួយគ្រាប់ ចំណែកមួយគ្រាប់ទៀត មិនផ្ទុះ ធ្លាក់នៅលើដី រួចនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា​ មុនកើតហេតុ គេឃើញជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ប្រភេទអូតូ ដោយមិនដឹងធ្វើដំណើរ មកពីណានោះទេ ពេលមកដល់ចំណុចកើតហេតុ ខាងលើ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ពីរគ្រាប់ តែផ្ទុះមួយគ្រាប់ និងមួយគ្រាប់ទៀតមិនផ្ទុះធ្លាក់លើដី រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានពិនិត្យ នៅនឹងកន្លែង កើតហេតុ រួចប្រមូលយកគ្រាប់ ទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវ រកជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕/V-PC