ដោយៈ សរិទ្ធ / ភ្នំពេញ៖ ប្រជាពលរដ្ឋ ចាប់ចោរឆក់បានម្នាក់ ក្នុងចំណោមបីនាក់ ហើយស្វាគមន៍ម្នាក់ មួយដៃមួយជើង ឡើងទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់ ដែលកំពុងអង្គុយរង់ចាំប្រពន្ធ ចូលទិញម្ហូប។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវលេខ105K មុខផ្សារកណ្តាល ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ ជនរងគ្រោះ កំពុងអង្គុយលើម៉ូតូ រង់ចាំប្រពន្ធ ចូលផ្សារ រកទិញម្ហូប ស្រាប់តែមានជនសង្ស័យ បីនាក់ ជិះម៉ូតូ ២គ្រឿង ដោយជនសង្ស័យ ម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-9323​ ទៅឆក់យក ខ្សែកពីជនរងគ្រោះ បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ហើយជនរងគ្រោះ បានស្រែកចោរឆក់ៗ ផ្អើលប្រជាពលរដ្ឋ នាំគ្នាដេញតាមជនសង្ស័យ ជិះដល់មុខផ្សារ តាំងកសាង ដោយសារផ្លូវស្ទះ ធ្វើឲ្យចោរភ័យស្លន់ ផ្តួលម៉ូតូរត់ តែត្រូវបានប្រជាពលរដ្ឋ ចាប់បានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែក ពីរនាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀត រត់គេចខ្លួនបាត់ ដោយយកទាំងខ្សែក របស់ជនរងគ្រោះ ទៅជាមួយផងដែរ ។

ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះស្រេង ប៉ាលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហេង ផល្លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ខ្សែកដែលជនសង្ស័យ យកទៅបាត់ ជាខ្សែក មាស ទម្ងន់ ៣ជី ។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ច បាននាំជនសង្ស័យ ទៅសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី ៕/V-PC