ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសពីរនាក់ រងរបួសបែកមុខបែកមាត់ ដោយសារមេជាង សំណង់ យកឈើជ្រុងមកវ៉ៃ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្លូវបេតុង កែងនឹងផ្លូវណ័តព្រីត ច្រកចូលសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង ពីរនាក់ ទី១ មានឈ្មោះ អន មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជនរងគ្រោះទី២ មានឈ្មោះ ឈុន រាជ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសបែកមុខបែកមាត់ ទាំងពីរនាក់។ ចំណែកភាគីម្ខាងទៀត មានគ្នា បួននាក់ មេជាងមានឈ្មោះ សិញ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងសំណង់ រស់នៅខេត្តព្រៃវែង និងបក្ខពួក បីនាក់ទៀត មិនស្គាល់អត្តសញ្ញាណ នៅឡើយ បាននាំគ្នារត់បាត់អស់។

តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថាៈ គាត់ទាំងពីរនាក់ បានមកធ្វើការ នៅកន្លែងកើតហេតុនេះ បានចំនួន ១ខែកន្លះ បើកលុយបាន ២ដង ក្នុងកន្លះខែ បើក១ដង ហើយដល់ថ្ងៃកើតហេតុនេះ គឺរូបគាត់ទាំងពីរនាក់ ដល់ថ្ងៃបើកលុយ សុំមេជាងបើកលុយ ដើម្បីធ្វើដំណើរទៅស្រុក តែមេជាង បានប្រាប់ថា មិនទាន់មានលុយបើកឲ្យទេ រង់ចាំថ្ងៃក្រោយទៅ គួបផ្សំអ្នកទាំងពីរ ផឹកស្រាស្រវឹងផងនោះ ក៏មាត់ធំមាត់តូច ប្រកែកដាក់គ្នា ទៅវិញទៅមក តឹងសរសៃក ឈានដល់ប្រើហិង្សាវ៉ៃគ្នា ផ្អើលប្រជាពលរដ្ឋ នៅកន្លែងកើត ហេតុនេះ គឺខាងមេជាង មានគ្នាបួននាក់ មេជាងយកដំបងឈើជ្រុងវ៉ៃ ទៅលើបុរសទាំងពីរ ខ្លះទៀត​យកដុំឥដ្ឋ វ៉ៃទៅលើបុរសទាំងពីរនាក់ បណ្ដាលឲ្យបែកមុខបែកមាត់ បែកក្បាល ក្រោយពីប្រជាពលរដ្ឋ ផ្អើល ហើយស្រែកថា ឲ្យខាងមេជាង បានដាក់មេប្រូចចេញពីកន្លែង កើតហេតុ បាត់អស់ បន្សល់ទុកតែស្បែកជើង ដុំឥដ្ឋ និងឈើជ្រុង នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ ប្រជាពលរដ្ឋ បានទាក់ទងទៅសមត្ថកិច្ច ចុះមកដល់កន្លែងកើត ហើយបាន ពិនិត្យ និងថតរូបភាព ទៅលើជនរងគ្រោះ ឲ្យជនរងគ្រោះ ទៅមន្ទីរពេទ្យ ហើយនឹងមកដាក់ពាក្យ បណ្តឹងនៅពេលក្រោយ៕/V-PC