ប្រែសម្រួលៈបំណង(CNA)៖ ទីក្រុងម៉ាកាវរបស់ចិន បានចាប់ផ្តើមការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីរកមេរោគកូវីដ១៩ជុំទី១១កាលពីថ្ងៃចន្ទទី១៨កក្កដា នៅពេលមជ្ឈមណ្ឌលល្បែងធំបំផុតក្នុងលោកនេះពន្យារពេលបិទកាស៊ីណូនិងអាជីវកម្មមិនចាំបាច់ផ្សេងៗដើម្បីប្រយុទ្ធនឹងការផ្ទុះកូវីដ១៩ដ៏អាក្រក់ចាប់តាំងពីពេលមានវត្តមានជំងឺឆ្លងនេះមក។
ទោះជាចំនួនឆ្លងបានធ្លាក់ចុះថេរដែលកាលពីថ្ងៃអាទិត្យរកឃើញអ្នកឆ្លងថ្មីត្រឹមតែ២៧នាក់ក៏អាជ្ញាធរបាននិយាយថា អ្នករស់នៅក្នុងទីក្រុងនេះជាង៦០០.០០០នាក់ត្រូវតែនៅក្នុងផ្ទះនិងអាជីវកម្មមិនចាំបាច់នៅបន្តបិទទ្វាររហូតដល់ថ្ងៃសុក្រ។
អ្នករស់នៅក្នុងទីក្រុងនេះជាង៩០ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពេញលេញ តែនេះជាលើកដំបូងដែលក្រុងម៉ាកាវប្រឈមដោះស្រាយនឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ជំរុញឡើងដោយវីរុសចម្លងលឿនអូមីក្រុង។
ម៉ាកាវ ដែលបានបិទខ្ទប់ចាប់តាំងពីថ្ងៃ១១មិថុនាមក បានរកឃើញអ្នកឆ្លងកូវីដ១៩ជាង១.៧០០នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកក្រោយពីបានរួចផុតពីការវាយប្រហារនៃជំងឺនេះនៅក្រោយការផ្ទុះជំងឺនេះម្តងកាលពីខែតុលាឆ្នាំ២០២១។
ការធ្វើតេស្តិ៍អ្នកក្រុងម៉ាកាវទាំងអស់នឹងត្រូវធ្វើឡើងយ៉ាងតិចពីរដងនៅសប្តាហ៍នេះ ដោយប្រើឧបករណ៍តេស្តិ៍រហ័ស
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងសៀងហៃនឹងតំរូវអោយអ្នករស់នៅទាំងប្រាំបួនសង្កាត់ក្នុងទីក្រុងនិងតំបន់តូចៗខ្លះធ្វើតេស្តិ៍រកកូវីដ១៩ចាប់ពីថ្ងៃ១៩ដល់២១កក្កដាក្នុងកិច្ចខិតខំមួយដើម្បីរារាំងកុំអោយមេរោគឆ្លងរាលដាលពាសពេញសហគមន៍ក្នុងក្រុងហិរញ្ញវត្ថុនេះ។
អ្នករស់នៅក្នុងសង្កាត់ទាំងនេះនឹងតំរូវអោយធ្វើតេស្តិ៍រកកូវីដនៅបីថ្ងៃខាងមុខ។
ក្រុងសៀងហៃបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី១៤ករណីសំរាប់ថ្ងៃអាទិត្យ ដោយចុះពីចំនួន២៤នាក់កាលពីមួយថ្ងៃមុន និងមិនមានការស្លាប់ថ្មីដោយជំងឺនេះទេ។
សូមបញ្ជាក់ថា ចិននៅថ្ងៃចន្ទនេះបានរាយការណ៍អ្នកឆ្លងថ្មី៥៩៨នាក់សំរាប់ថ្ងៃអាទិត្យ តែមិនមានអ្នកស្លាប់ដោយកូវីដ១៩ថ្មីទេ៕