​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​ការពារជាតិ​អង់គ្លេស​បាន​លាតត្រដាង​ថា រុស្ស៊ី​បាន​បាត់​បង់កម្លាំង​៣០​ភាគរយ ដោយ​ទាហាន ៥០.០០០ នាក់​បាន​ស្លាប់​ឬ​របួស​ហើយ​រថក្រោះ​របស់លោក​​ពូ​ទីន​ជិត ១.៧០០ គ្រឿង​ត្រូវបាន​បំផ្លាញ​។​

​ប្រមុខ​កងកម្លាំងប្រដាប់អាវុធ លោក​ឧត្តមនាវីឯក សឺ ថូ​នី រ៉ា​ដា​គីន (Sir Tony Radakin) បាន​និយាយថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន “​ចាញ់​សង្គ្រាម​អ៊ុយ​ក្រែន​រួចទៅហើយ​”​ដោយ​រថពាសដែក​​ជិត ៤.០០០ គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី ក៏​ត្រូវបាន​បំផ្លាញ​ផងដែរ​។​

​លោក​បាន​ប្រាប់​កម្មវិធី Sunday Morning​របស់​សារព័ត៌មាន BBC One ថា អ៊ុយ​ក្រែន​គ្រោង​នឹង​ស្ដារ​មកវិញ​នូវ “​ទឹកដី​របស់​ពួកគេ​ទាំងមូល​” ដោយ​បន្ថែម​ថា​ការរំពឹង​ទុក​ថា​លោក​ពូ​ទីន​អាច​​ត្រូវ​គេ​ធ្វើឃាត​គឺ​គ្រាន់តែ​ជា “​ការគិត​ប៉ងប្រាថ្នា​ប៉ុណ្ណោះ​”​។​

​លោក​បាន​និយាយថា “​អ្វី​ដែល​អ្នក​កំពុង​ឃើញ​គឺ​រុស្ស៊ី ប្រសិនបើ​យើង​ផ្តោត​លើ​ដុន​បា​ស នោះ​គឺជា​ទឹក​ដី​តិច​ជាង ១០ ភាគរយ​នៃ​ទឹកដី​អ៊ុ​យក្រែន ហើយ​សង្គ្រាម​កំពុង​ខិតជិត ១៥០ ថ្ងៃ​ហើយ​”​។​

“​រុស្ស៊ី​កំពុង​ជួប​ការលំបាក​ក្នុងការ​ដណ្តើម​យក​ទឹកដី​នោះ ហើយ​រុស្ស៊ី​កំពុង​ជួប​ការលំបាក​ដោយសារ​ភាព​ក្លាហាន​និង​ការប្តេជ្ញា​ចិត្ត​របស់​កង​កម្លាំងប្រដាប់អាវុធ​អ៊ុ​យក្រែន​”​។​

​លោក​រ៉ា​ដា​គីន​បាន​បន្ថែមថា កងទ័ព​អ៊ុយ​ក្រែន​ជឿជាក់​យ៉ាង​មុតមាំ​ថា ខ្លួន​នឹង​ឈ្នះ​សង្គ្រាម​នេះ នៅ​ពេល​ប្រឈមមុខ​នឹង​រុស្ស៊ី​ដ៏​ត្រដាបត្រដួស ដែល “​បាត់បង់​ប្រសិទ្ធភាព​ប្រយុទ្ធ​លើគោក​របស់ខ្លួន​ជាង ៣០ ភាគរយ​”​។​

​លោក​រ៉ា​ដា​គីន​ក៏​បាន​ព្រមាន​ផងដែរ​ថា ទោះបីជា​មាន​ការបាត់បង់​ទាហាន រថក្រោះ និង​រថពាសដែក​យ៉ាងច្រើន​ក៏ដោយ ក៏​រុស្ស៊ី​នៅតែ​ជា “​ការគំរាមកំហែង​ដ៏​ធំ​បំផុត​” ដែល​ចក្រភព​អង់គ្លេស​ប្រឈមមុខ​។​

​លោក​បាន​ច្រាន​ចោល​ការរំពឹង​ទុក​ថា ប្រធានាធិបតី​រុស្ស៊ី “​មិន​មាន​សុខភាព​ល្អ​” ឬ​អាច​ត្រូវ​គេ​ធ្វើឃាត​ថា​ជា “​និង​ចាត់​ទុក​គំនិត​ទាំង​នេះ​ថា​គ្រាន់តែ​ជាការ​ប៉ងប្រាថ្នា​របស់លោក​ខាងលិច​ប៉ុណ្ណោះ​”​បន្ទាប់​​ពី​ត្រូវបាន​សួរថា​តើ​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ត្រូវ “​ផ្តួលរំលំ​” ឬ​ប្រឈមមុខ​នឹង “​ការផ្លាស់ប្តូរ​របប​” ឬ​អត់​។​

​លោក​បាន​និយាយថា “​ក្នុងនាម​ជា​អ្នកជំនាញ​ខាង​យោធា យើង​ឃើញ​របប​ដឹកនាំ​ដ៏​មាន​ស្ថិរភាព​នៅក្នុង​ប្រទេស​រុស្ស៊ី​”​។​

“​ប្រធានាធិបតី​ពូ​ទីន​អាច​កម្ចាត់​ក្រុមប្រឆាំង​ណាមួយ​ក៏​បាន​យើង​ឃើញ​ឋានានុក្រម​ដែល​ត្រូវបាន​ដាក់​ដោយ​ប្រធានាធិបតី​ពូ​ទីន​ហើយ​ដូច្នេះ​គ្មាន​នរណា​ម្នាក់​នៅ​ទី​កំពូល​ហ៊ាន​ប្រជែង​ជាមួយប្រ​​ធានា​ធិបតី​ពូ​ទីន​ទេ​”៕

​ប្រមុខ​កងកម្លាំងប្រដាប់អាវុធ​អង់គ្លេស លោក​ឧត្តមនាវីឯក សឺ ថូ​នី រ៉ា​ដា​គីន