ដោយៈ​អង្គា​រ៍​ហេង / ភ្នំពេញៈ មនុស្ស​ប្រុស​ស្រី​ចំនួន បីនាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ បើករថយន្ត​ម៉ា​ស្តា ជ្រុល​ទៅបុក​ម៉ូតូ មួយគ្រឿង ពេញទំហឹង​ហើយ​កិន​ជាប់​ពីលើ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នៅត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ លេខ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុន​កើតហេតុ គេ​ឃើញ បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H-2460 ធ្វើដំណើរ​ពី​ខាងកើត ទៅខាង​លិច លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ បាន​វាក់​នឹង​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បាន​បើក​ចេញពី​ចិញ្ចើមផ្លូវ ហើយ​បានគេច​មក​ឆ្វេង​ដៃ ក៏​ជ្រុល​ទៅបុក​ជាមួយនឹង រថយន្ត មួយគ្រឿង ម៉ាក​ម៉ា​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4768 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ទៀត ធ្វើដំណើរ​បញ្ច្រាសទិស ដៅ​គ្នា ពី​ខាង​លិចទៅ​ខាងកើត ចំ​ពីមុខ ផ្នែក​ខាងឆ្វេង​ពេញទំហឹង ណ្ដា​ល​ឱ្យ រថយន្ត កិន​ពីលើ​ម៉ូតូ ជាប់​ធ្វើឱ្យ​រងរបួស​ធ្ងន់ ខាង​ភាគី​ម៉ូតូ​ទាំង បីនាក់​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​ឃាត់ខ្លួន អ្នកបើកបរ រថយន្ត រួច​នាំខ្លួន​ទៅ​ប៉ុស្តិ៍នគរបាល ដើម្បី​ធ្វើការ​សួរនាំ​បន្ត ។ ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​វាស់វែង យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា តាមផ្លូវ​ច្បាប់​៕/V​-PC