​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅ​ព្រឹក​ទី​១៩ ខែកក្កដា ស្អែក​នេះ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធន កម្ម​មាត្រា ១៩​ថ្មី (​មួយ​) មាត្រា ៨៩ មាត្រា ៩០​ថ្មី មាត្រា ១០២​ថ្មី មាត្រា ១១៩​ថ្មី (​មួយ​) និង​មាត្រា ១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ​។

​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែកក្កដា​នេះ​ថាៈ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ​មើលថា តើ​ច្បាប់​នេះ នឹង​បញ្ជូន ទៅ​គណៈកម្មការ​ជំនាញ​ណាមួយ ដើម្បី​សិក្សា ស្រាវជ្រាវ​។ បន្ទាប់ពី​សិក្សា​ស្រាវ ជ្រាវ​រួច គណៈកម្មាការ​ជំនាញ ត្រូវធ្វើ​របាយការណ៍ ដើម្បី​ស្នើ​ដាក់ជូន សភាពេញអង្គ ដើម្បី​ពិនិត្យ និង​អនុម័ត ។​

​លោក​បាន​បន្តថាៈ គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន មកដល់​រដ្ឋសភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​។ បន្ទាប់ពី​បានទទួល​ហើយ រដ្ឋសភា​បាន​ធ្វើតាម​នីតិវិធី នឹង​ប្រជុំ​គណៈ ក​ម្មា​ធិ​ោ​ការ​អចិន្ត្រៃយ៍​។ អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាំទ្រ ទាំងស្រុង សំណើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍ របស់​ជាតិ គឺ​៖ (​ទី​១)-​ការធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស អំណាច នីតិប្រតិបត្តិ​ដែលមាន​បេសកកម្ម​ចម្បង​ក្នុងការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ មានដំណើរ​ការប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈ ទេសៈ និង (​ទី​២)- ការធានា​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់ សាធារណៈ និង​ស្ថិរភាព​នយោបាយ របស់​ប្រទេសជាតិ នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​គ្រឹះ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធន កម្ម មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​កិច្ច ប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​។​

​ផ្អែក​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានធ្វើ​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្ន​២០២២ ដើម្បី​បង្ហាញ ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាង ច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ ត្រូវបាន​សម្រេច​ឯកភាព ដើម្បី​សុំ​ការអនុម័ត ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្នុងសម័យ​ប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ និង​ដែលមាន​ខ្លឹមសារ ធ្វើ​វិសោធនកម្ម​ចំនួន ៨ មាត្រា ដែលមាន​ដូចជា មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ លោក​កិត្តិ​នីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ ខ្ពស់បំផុត ទ្រង់​ពិគ្រោះ​មតិ ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះ ពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ មិន​ឋិត​ក្នុង​ភាពអាសន្ន​៕/V-PC