ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ នារី​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​រថយន្ត ក្រឡុក ស៊ីម៉ងត៍ បើក​បុក​និង​កិន កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ នារី​រងគ្រោះ ឈ្មោះ ម៉ែន ចង្រឹត អាយុ​១៨​ឆ្នាំ មុខរបរ លក់​បបរ បាយ នៅមុខ​រោងចក្រ មាន​ទីលំនៅ ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​បានឃើញ នារី​រងគ្រោះ ជិះ​កង់​ចេញពី​ផ្សារ​ជម្ពូ​វ័ន ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​បេតុង QMI ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ ម៉ាក CHENLONG ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 3F-0739 ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង បាន​ជ្រុល​ទៅ បុក​និង​កិន​កង់ បណ្តាលឱ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​មន្ទីរពេទ្យ តែ​អកុសល ជនរងគ្រោះ បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយពី​កើតហេតុ​ភ្លាម បាន​ចុះ​រត់គេចខ្លួន​បាត់ទៅ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​បាន​ទាក់ទង​ទៅ នគរបាល​ជំនាញ មក​វាស់វែង យក​កង់​និង​រថយន្ត​បង្ក ទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​។ ចំណែក សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕/V-PC