ដោយៈ សុខុម / រតនគិរីៈ លោក វរៈសេនីយ៍ឯក មាស ពៅ​បូរ៉ា នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាន​លុង និង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី ចុះ​ល្បាត​ក្នុងភូមិ សាស្ត្រ​ក្រុង​បាន​លុង ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង បាន​ចំនួន ១០ នាក់ កាលពី​យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ដោយ​ឃើញ​ក្មេង​ជា​ក្រុម ប្រមូល​ផ្តុំគ្នា រញ៉េរញ៉ៃ នៅតាម​ទីសាធារណៈ កម្លាំង​សមត្ថកិច្ច បាន​សុំ​ឆែកឆេរ ប្រទះឃើញ​ដាវ​កែច្នៃ ២​ដើម និង កាំភ្លើង​កែច្នៃ ១​ដើម​។ ឃើញ​ដូច​នោះ សមត្ថកិច្ច ក៏បាន​សុំ​គោល ការណ៍​ពី​លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ឃាត់ខ្លួន​ក្មេង ទាំងនោះ​តែម្ដង​។ ជាមួយ​នោះ សម្ភារ ដកហូត​បាន រួមមាន ដាវ​កែច្នៃ​ចំនួន​២​ដើម​, កាំភ្លើង​កែច្នៃ​ចំនួន ១ គ្រាប់កង់ និង រំសេវ​សំរាប់​ប្រើ ជាមួយ​កាំភ្លើង​កែឆ្នៃ មួយចំនួន​។ ខ្សែកាប​ម៉ាស៊ីន​កាត់​ស្មៅ​១, ជំ​ពាម​កៅស៊ូ ចំនួន ១ , កាបូប​លុយ​ចំនួន ១, ទូរស័ព្ទ​ចំនួន ៧ គ្រឿង​, ម៉ូតូ​ចំនួន ៧ គ្រឿង​, ខ្សែក្រវាត់ ចំនួន​៤, មួកសុវត្ថិភាព​ចំនួន​២ ។​

​មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​ឃាត់ទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​ស្រាវជ្រាវ និង​បំពេញ សំណុំរឿង បញ្ជូនទៅ​អយ្យការ​សាលាដំបូង​ខេត្ត តាម​នីតិវិធី​៕/V​-PC