ដោយៈ សុខុម / ក្រចេះ៖ ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ក្រចេះ-ឆ្លូង មួយចំនួន មានការព្រួយបារម្ភ ខ្លាចគ្រោះថ្នាក់ដោយប្រការណាមួយ បង្កឡើងដោយក្រុមរថយន្តដឹកឈើ តាមរថយន្តសាំយ៉ុង ជារៀងរាល់យប់ តែងតែបើកលឿនពេញផ្លូវ។
ពេលរថយន្ត អ្នកដំណើរ ឆ្លងកាត់តាមផ្លូវនោះ ប៉ះចំក្រុមរថយន្តដឹកឈើ ក្រុមរថយន្តដឹកឈើ នោះ មិនឲ្យអ្នកដំណើរ ឆ្លងកាត់ទៅមុនទេ គឺពួកគេ តែងតែបើក រេចុះឡើងពេញផ្លូវ។ ទំនងជាគេ យល់ថា អ្នកដំណើរឆ្លងកាត់ តាមផ្លូវនោះ គឺសមត្ថកិច្ច និងអ្នកសារព័ត៌មាន ដេញតាមរថយន្តដឹកឈើ។
ប្រជាពលរដ្ឋ រាយការណ៍ថា ចាប់ពីម៉ោង ១២ យប់ រហូតដល់ទៀបភ្លឺ មានក្បួនរថយន្ត ជាច្រើនគ្រឿង ដឹកឈើ និងដឹកគ្រឿងសង្ហារឹម បើកបរក្នុងល្បឿនលឿនណាស់ ដោយរថយន្តទាំងនោះ មានចេញពីខេត្តស្ទឹងត្រែងផង និងក្នុងខេត្តក្រចេះ។ រាល់យប់ រថយន្តដឹកជញ្ជូនឈើ កាត់តាមផ្លូវលេខ៧៣(ផ្លូវឆ្លូង) ខេត្តក្រចេះ ទៅស្រុកឆ្លូង សំដៅទៅកាន់ដេប៉ូនានា ក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងទីក្រុងភ្នំពេញ រាល់យប់។ ចំណែកសមត្ថកិច្ច នៅតាមដងផ្លូវ ហាក់មើលមិនឃើញ រថយន្តដឹកឈើទេ។ ជាក់ស្ដែង ទាល់តែរថយន្តដឹកឈើ ជួបគ្រោះថ្នាក់ដោយប្រការណាមួយ ទើបមានកម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ៕/V