ដោយៈប.ខុន/ភ្នំពេញៈរូបសំណាកព្រះថោងនាងនាគធ្វើពីស្ពាន់នៅរង្វង់មូលនៃចំណុចប្រសព្វរវាងមហាវិថីជំទាវម៉ៅនិងមហាវិថីឆ្នេររាម ដែលបានលើកបញ្ឈកាលពីក្នុងខែមេសាឆ្នាំម២០២២កន្លងទៅ នេះ ឥឡូវមានស្នាមដុះស្នឹមផ្នែកជើងដែលមានចាក់បេតុងដោយសារប្រតិកម្មជាមួយខ្យល់សមុទ្រ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអំពាវនាវរកអ្នកមានបទពិសោធន៍ជួយរកវិធីទប់ទល់។
នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ លោកគួច ចំរើន បានសរសេរសារអំពាវនាវនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់ឱ្យបាន ល្អ មិនចេញស្នឹម សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក ។
លោក គួច ចំរើន ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ថា ផ្នែកខាងក្រោម(ជើង)នៃរូបសំណាកព្រះថោងនាងនាគ មានស្នាមដុះស្នឹម ដោយសារការចាក់គ្រឹះបេតុងនៅខាងក្នុងជើងធ្វើឱ្យមានប្រតិកម្មនឹងខ្យល់សមុទ្រ ។ ពេលនេះកំពុងឱ្យក្រុមហ៊ុនទទួលការសាងសង់ធ្វើការសិក្សារកវិធីទប់ទល់ហើយ៕