​ដោយៈ ដេប៉ូ​/​ភ្នំពេញ​៖​ តាមរយះ​គម្រោង ៣​សេវា ៣​គាំទ្រ (៣​ស​៣​គ​) ដើម្បី​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត ក្រសួងបរិស្ថាន​បានប្រគល់​រថយន្ត​ដឹក​សំរាម​ចំនួន​១៥​រឿង ដែល ១០ គ្រឿង​ជា​អំណោយ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ទៅដល់​មន្ទី​បរិស្ថាន​និង​រដ្ឋបាល​ស្រុក​ចំនួន ១១ ។

​ពិធី​នេះ ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ ( Mikami Massahiro ) ឯកអគ្គរាជទូត ជប៉ុន ប្រចាំ នៅ កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​
ពិធី​នេះ​គេ​ឃើញ​មានការ​ចូលរួម​ពី​មន្ត្រី​ដែលជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន និង​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​១១ បាន​ចូលរួម​។​

ក្នុងឱកាស​នោះដែរ រថយន្ត​ដឹក​សំរាម​ចំនួន​១៥​គ្រឿង​នេះ បាន​ចែកជូន​បន្ត​ដល់​មន្ទីរ​បរិស្ថាន​និង​រដ្ឋបាល​ក្រុង​ស្រុក សម្រាប់​ផ្តល់​សេវា​សម្អាត ប្រមូល ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅតាម​ក្រុង ស្រុក​ចំនួន​១១ នៃ​ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្ត​កែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ។​

គួរ​បញ្ជាក់ថា រថយន្ត​ដឹក​សំរាម​ទាំងនេះ​ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​គាំទ្រ​លើ​ការផ្តល់សេវា​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅក្នុង​មូលដ្ឋាន ដែល​ពង្រីក​សេវា​ប្រមូល​ដោយ​ខ្លួនឯង ឱ្យ​ស្អាត ឱ្យអស់​ទាន់ពេល និង​ធានា​និរន្តរភាព និង​ធ្វើ​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក​ធនធាន​ពី​សំរាម ព្រមទាំង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ​៕​