​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ កិច្ចព្រមព្រៀង​អាពាហ៍ពិពាហ៍​រវាង​ប្តី​ប្រពន្ធ​ជា​ទូទៅ​គឺជា​រឿង​សំខាន់​។​ប៉ុន្តែ​វីដេអូ​នៃ “​កិច្ចសន្យា​មួយ​” ដែល​ចុះហត្ថលេខា​ដោយ​គូស្នេហ៍​ជនជាតិ​ឥណ្ឌា​ក្នុង​ពិធី​មង្គល​​ការ​ថ្មីៗ​នេះ​បាន​ល្បី​លើ​សារព័ត៌មាន និង​រាលដាល​នៅលើ​បណ្តាញ​សង្គម​សម្រាប់​មាតិកា​មិន​ធម្មតា​របស់​វា​។​

​បញ្ជី​កម្សាន្ត​នៃ​អ្វី​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​ត្រូវ​បាន​ដាក់បញ្ចូល​គ្នា​ដោយ​មិត្តភក្តិ​របស់​គូ​ស្វាមីភរិយា​ថ្មីថ្មោង ហើយ​វា​មិន​មាន​កាតព្វកិច្ច​ចង​ដោយ​ច្បាប់​ទេ​។​ប៉ុន្តែ​ចាប់តាំងពី​វា​ត្រូវ​បាន​បង្ហោះ​នៅលើ Instagram នៅ​ថ្ងៃទី ២២ ខែមិថុនា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ពិធី​មង្គលការ វីដេអូ​រយៈពេល ១៦ វិនាទី​របស់​កូនក្រមុំ​និង​កូនកំលោះ​ចុះហត្ថលេខា​លើ​កុងត្រា ត្រូវបាន​គេ​មើល ៤៥ លាន​ដង​។​

​មាន​ករណី​ផ្សេង​ទៀត​កាលពី​អតីតកាល​ដែល​កូនក្រមុំ​ឬ​កូនកំលោះ ឬ​មិត្តភក្តិ​របស់​ពួកគេ​បាន​ចុះកិច្ចសន្យា​បែបនេះ ប៉ុន្តែ​ការចាប់អារម្មណ៍​លើ​វីដេអូ​ចុងក្រោយ​បំផុត​នេះ​គឺ​អាទិភាព​កំពូល​ក្នុង​បញ្ជី ដែល​តម្រូវ​ឱ្យ “​ទទួលទាន​ភីហ្សា​តែ​មួយ​ដុំ​ក្នុង​មួយខែ​”​។​

​ដំបូន្មាន​នេះ​គឺ​សំដៅលើ​កូនក្រមុំ​អាយុ ២៤ ឆ្នាំ ឈ្មោះ សាន​ទី ប្រាសាដ (Shanti Prasad)​ដែល​មិត្តភក្តិ​ពណ៌នា​ថា​ជា​”​មនុស្ស​ញៀន​ភីហ្សា​”​។​នាង​បាន​រៀបការ​ជាមួយ​គូស្នេហ៍​របស់​នាង​នៅ​មហា​វិ​​ទ្យា​ល័យ ឈ្មោះ មីន​ទូ រ៉ៃ (Mintu Rai) អាយុ ២៥ ឆ្នាំ​នៅក្នុង​ពិធី​រៀបការ​ប្រពៃណី​នៅ​ទីក្រុង​គូ​វ៉ា​ហា​ទី (Guwahati) ក្នុង​រដ្ឋ​អាស​សាម (Assam) ភាគ​ឦសាន​។​

​ប្តី​ប្រពន្ធ​នេះ​បាន​ជួប​គ្នា​កាលពី​ប្រាំ​ឆ្នាំ​មុន​នៅ​ពេល​ពួកគេ​បាន​ចូលរួម​ថ្នាក់​ពាណិជ្ជកម្ម​ដូចគ្នា ហើយ​ភ្លាមៗ​នោះ​បាន​ឃើញ​ពួក​គេ​នៅក្នុង​គ្រុប WhatsApp តែមួយ​។ ថ្ងៃមួយ នៅពេល​នាង​មិន​បាន​មក​រៀន​នៅ​មហាវិទ្យាល័យ ហើយ​សុំ​ជំនួយ​ខ្លះ លោក​មីន​ទូ​បាន​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​។​

​ពួកគេ​ចាប់​ផ្តើមនិយាយ​គ្នា​ហើយ​ក្លាយ​ជា​មិត្ត​។ យូរៗ​ទៅ​ស្នេហា​បាន​រីកដុះដាល ហើយ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ គូស្នេហ៍​មួយគូ​នេះ​បាន​ណាត់​ជួប​គ្នា​ជា​លើកដំបូង​។​

​មីន​តូ ដែល​ជា​ម្ចាស់​ហាង​លក់​គ្រឿងអគ្គិសនី​ក្នុង​ទីក្រុង បាន​និយាយថា “​ពួក​យើង​ចេញពី​រៀន​ក្រោយ​គេ ហើយ​បាន​ទៅ​ហាង​ភីហ្សា​ក្បែរ​នោះ​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវតែ​នាំ​នាង​ទៅ​ញ៉ាំ​ភីហ្សា​ព្រោះ​នាងតែង​តែនិ​​យាយ​អំពី​ភីហ្សា​”​។​

​សាន​ទី​បាន​បន្ថែមថា “​ខ្ញុំ​ពិតជា​ចូលចិត្ត​ញ៉ាំ​ភីហ្សា​ណាស់​។ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា ខ្ញុំ​តែង​និយាយ​ថា​តោះ​ទៅ​ញ៉ាំ​ភីហ្សា​”៕

សាន​ទី និង មីន​ទូ រ៉ៃ រៀបការ​ជាមួយ​គ្នា​ដោយ​ចុះ​កុងត្រា “​ញ៉ាំ​ភី​ហ្ស​មួយដុំ​ក្នុង​មួយខែ​”