ប្រែសម្រួលៈបំណង(ST)៖ ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោក រ៉ានីល វិកក្រេមេស៊ីង បានប្រកាសស្ថានភាពគ្រាអាសន្នមួយកាលពីយប់ថ្ងៃអាទិត្យ នៅពេលរដ្ឋាភិបាលរបស់លោកស្វះស្វែងបញ្ចប់ចលាចលសង្គមនិងចាប់ផ្តើមដោះស្រាយវិបត្តិសេដ្ឋកិច្ច។
តាមពិតពួកមេដឹកនាំស្រីលង្កាធ្លាប់បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នជាច្រើនលើកចាប់តាំងពីខែមេសា ចំពេលមានការតវ៉ាប្រឆាំងរបស់មហាជនប្រឆាំងនឹងដំណោះស្រាយរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចនិងកង្វះទំនិញចាំបាច់ដ៏អូសបន្លាយពេល។
សេចក្តីប្រកាសមួយសរសេរថា«វាជាមធ្យោបាយបន្ទាន់ក្នុងការធ្វើដូច្នេះ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការពារសណ្តាប់ធ្នាប់សាធារណៈនិងការរក្សាការផ្គត់ផ្គង់រួមទាំងការផ្តល់សេវាចាំបាច់ដល់ជីវិតសហគមន៍»។
បុរសម្នាក់កាន់ទង់ជាតិស្រីលង្កាក្នុងអំឡុងពេលតវ៉ាមួយនៅក្បែរការិយាល័យប្រធានាធិបតីក្នុងទីក្រុងកូឡុំបូកាលពីថ្ងៃអាទិត្យទី១៧កក្កដា ។ចលនាតវ៉ាប្រឆាំងនៅស្រីលង្កាបានឈានដល់ថ្ងៃទី១០០របស់វាកាលពីថ្ងៃអាទិត្យ
លោក វិកក្រេមេស៊ីង បានប្រកាសស្ថានភាពគ្រាអាសន្នមួយផងដែរកាលពីសប្តាហ៍មុន ក្រោយពីប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ភៀសខ្លួនចេញពីប្រទេសដើម្បីគេចចេញពីការបះបោរប្រឆាំងរដ្ឋាភិបាលរបស់លោក។
គេមិនដឹងថាតើបទបញ្ជានោះត្រូវបានដកចេញ ឬប្រកាសថែមមួយទៀត ឬក៏ថាតើលោក វិកក្រេមេស៊ីង បានចេញបញ្ជាជាថ្មីក្នុងនាមលោកជាប្រធានាធិបតីស្តីទីក្រោយការស្បថចូលកាន់តំណែងកាលពីថ្ងៃ១៥កក្កដាឬយ៉ាងណា។
សូមបញ្ជាក់ថា សភាស្រីលង្កាកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីថ្មីមួយរូប និងការដឹកជញ្ជូនប្រេង។លោក រ៉ានីល វិកក្រេមេស៊ីង ដែលជាសម្ពន្ធមិត្តរបស់អតីតប្រធានាធិបតីរ៉ាចាប៉ាក់សា ក៏ជាបេក្ខជនម្នាក់ តែពួកអ្នកប្រឆាំងតវ៉ាក៏ចង់អោយលោកចុះចេញពីតំណែងផងដែរ៕