​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ស្រីលង្កា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ជ្រាលជ្រៅ​និង​មិន​ធ្លាប់​មាន​ពីមុនមក ដែល​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ហើយ​បាន​ឃើញ​ប្រធានាធិបតី​របស់​​ខ្លួន​លាលែង​ពី​តំណែង​បន្ទាប់​ពី​ភៀសខ្លួន​ចេញពី​ប្រទេស ប៉ុន្តែ​ប្រទេស​ផ្សេង​ទៀត​អាច​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ នេះ​បើ​យោង​តាម​ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។

​លោកស្រី គ្រី​ស្តាលី​ណា ច​ច​ជីវ៉ា (Kristalina Georgieva)​នាយក​គ្រប់គ្រង IMF បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កក្កដា​ថា​”​បណ្តា​ប្រទេស​ដែល​មាន​កម្រិត​បំណុល​ខ្ពស់​និង​ទំហំ​គោលនយោបាយ​​មាន​កម្រិត នឹង​ប្រឈមមុខ​នឹង​បញ្ហា​បន្ថែម​។ មិនចាំបាច់​មើល​ទៅ​ណា​ឆ្ងាយ​ទេ ស្រីលង្កា​ជា​សញ្ញា​ព្រមាន​មួយ​ហើយ​”​។​

​លោកស្រី​បាន​និយាយថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក៏​បាន​ជួបប្រទះ​នឹង​លំហូរ​ចេញ​នូវ​មូលធន​យ៉ាងច្រើន​សម្រាប់​រយៈពេល​បួន​ខែ​ជាប់ៗ​គ្នា​ផងដែរ​ដែល​ធ្វើឱ្យ​សុបិន​របស់​ពួកគេ​ក្នុងការ​តាម​ឱ្យទាន់​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន មាន​ហានិភ័យ​។​

​ស្រីលង្កា​កំពុង​ជួប​ការលំបាក​ក្នុង​ការចំណាយ​លើ​ការនាំ​ចូល​សំខាន់ៗ​ដូចជា អាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​សម្រាប់​ប្រជាជន​ចំនួន ២២ លាន​នាក់​របស់​ខ្លួន​ខណៈ​ប្រទេស​នេះ​កំពុង​តស៊ូ​ទប់ទល់​​នឹង​វិបត្តិ​រូបិយប័ណ្ណ​បរទេស​។ អតិផរណា​បាន​កើនឡើង​ប្រហែល ៥០ ភាគរយ​ជាមួយនឹង​តម្លៃ​ម្ហូបអាហារ​កើនឡើង ៨០ ភាគរយ​ខ្ពស់ជាង​ឆ្នាំមុន​។ ​ប្រាក់​រូពី​ស្រីលង្កា​បាន​ធ្លាក់ចុះ​តម្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​និង​រូបិយប័ណ្ណ​សកល​សំខាន់ៗ​ផ្សេងទៀត​នៅ​ឆ្នាំនេះ​។​

​មនុស្ស​ជាច្រើន​បាន​ស្តីបន្ទោស​អតីត​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa)​ចំពោះ​ការចាត់ចែង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​ជាមួយ​នឹង​គោលនយោបាយ​ដ៏​មហន្តរាយ ដែល​រឹត​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដោយ​ជំងឺ​រាតត្បាត​។​

​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ស្រីលង្កា​បាន​ពូន​បំណុល​គរ​ដូច​ភ្នំ ហើយ​កាលពី​ខែ​មុន​ស្រីលង្កា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល ២០ ឆ្នាំ​ដែល​មិន​មាន​លទ្ធភាព​​សងបំណុល​បរទេស​។​

​ក្រុមមន្ត្រី​កំពុង​ចរចា​ជាមួយ IMF សម្រាប់​ជំនួយ​សង្គ្រោះ​ចំនួន ៣ ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ការចរចា​ទាំង​នោះ​បច្ចុប្បន្ន​ត្រូវ​បាន​ជាប់គាំង​ចំពេល​មាន​ភាពចលាចល​ផ្នែក​នយោបាយ​។​ប៉ុន្តែ​វិបត្តិ​សកល​​ដូចគ្នានេះដែរ គឺ ការកើនឡើង​អតិផរណា​និង​ការដំឡើង​អត្រា​ការប្រាក់ ការធ្លាក់​ថ្លៃ​រូបិយប័ណ្ណ កម្រិត​បំណុល​ខ្ពស់ និង​ការធ្លាក់ចុះ​នៃ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​ក៏​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផ្សេង​​ទៀត​នៅក្នុង​តំបន់​ផងដែរ​។​

​ចិន​គឺ​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ដ៏​មាន​ឥទ្ធិពល​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយចំនួន ហើយ​ដូច្នេះ​អាច​គ្រប់គ្រង​ជោគវាសនា​របស់​ពួកគេ​តាម​វិធី​សំខាន់ៗ​។ ប៉ុន្តែ​ភាគច្រើន​គេ​មិន​ច្បាស់​ថា​តើ​អ្វី​ទៅ​ជា​លក្ខខណ្ឌ​ផ្តល់​កម្ចី​របស់​ទីក្រុង​ប៉េកាំង​ឬ​តើ​ចិន​អាច​នឹង​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ​ដោយ​របៀប​ណា​។​

​អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ គឺ​ប្រទេស​ផ្សេង​ទៀត​ហាក់​កំពុងស្ថិត​នៅ​លើ​គន្លង​ស្រដៀង​គ្នា​នេះ​ដែរ ក្នុងនោះ​មានដូចជា ឡាវ ប៉ា​គី​ស្ថាន ម៉ាល់​ឌី​វ និង​បង់​ក្លា​ដែស​៕

ចិន​បាន​និង​កំពុង​បន្ត​ផ្តល់​កម្ចី​ដល់​ប្រទេស​ឡាវ ដែល​ត្រូវ​គេ​គិតថា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ក្ស័យធន