ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកដែលរងការគំរាមកំហែងដោយអាកាសធាតុបានអំពាវនាវកាលពីថ្ងៃចន្ទទី១៨កក្កដាឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ)សម្រេចលើកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសនានាដើម្បីបញ្ឈប់បម្រែបម្រួលអាកាសធាតុ ជាវិធានការមួយដែលត្រូវបានបង្កើតឡើងដើម្បីដាក់សម្ពាធលើប្រទេសដែលបំពុលបរិយាកាស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសហ្វីជីកាលពីសប្តាហ៍មុន មេដឹកនាំនៃបណ្តាប្រទេសប៉ាស៊ីហ្វិកបានចេញការអំពាវនាវរួមគ្នាមួយឱ្យតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេធ្វើកាតព្វកិច្ចច្បាស់លាស់របស់រដ្ឋនានា “ដើម្បីការពារសិទ្ធិរបស់មនុស្សជំនាន់បច្ចុប្បន្ននិងអនាគតប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ”។
ប្រជុំកោះ ដែលភាគច្រើនទាបៗនិងទទួលរងការប៉ះទង្គិចរួចហើយដោយការប្រែប្រួលអាកាសធាតុ សង្ឃឹមថា ចំណាត់ការនេះនឹងបង្ហាញកម្រិតគ្រោះថ្នាក់ផ្នែកច្បាប់សម្រាប់ប្រទេសដែលបញ្ចេញកាបូនខ្ពស់ និង ជំរុញឱ្យពួកគេធ្វើសកម្មភាព។
ក្រុមមេដឹកនាំក៏បានប្រកាសដែរថា តំបន់នេះកំពុងស្ថិតក្នុងភាពអាសន្នខាងអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់ “អត្ថិភាព”របស់ពួកគេ។
ផែនការនេះនឹងត្រូវការការគាំទ្រពីភាគច្រើននៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដើម្បីដាក់ជូនទៅកាន់តុលាការ ICJ ។
គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមនៅក្នុងថ្នាក់រៀនមួយនៅសាកលវិទ្យាល័យសៅប៉ាស៊ីហ្វិក (South Pacific) ក្នុងឆ្នាំ ២០១៩។ និស្សិតច្បាប់ប្រហែល ២៧នាក់បានសរសេរទៅកាន់មេដឹកនាំប៉ាស៊ីហ្វិកសុំឱ្យពួកគេធ្វើយុទ្ធនាការនេះ ហើយកោះវ៉ានូអាទូបានឆ្លើយតបនឹងការអំពាវនាវនេះ។
និស្សិតសាកលវិទ្យាល័យហ្វីជី ឈ្មោះ វីសាល ប្រាសាដ (Vishal Prasad) អាយុ ២៦ ឆ្នាំគឺស្ថិតក្នុងចំណោមនិស្សិតដែលពាក់ព័ន្ធ។
ប្រាសាដបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងស៊ូវ៉ា (Suva)កាលពីសប្តាហ៍មុនថា សូម្បី “មតិយោបល់ប្រឹក្សា”ដែលមិនជាប់កាតព្វកិច្ចពីតុលាការយុត្តិធម៌អន្តរជាតិ ក៏នឹងមាន “ឥទ្ធិពលយ៉ាងទូលំទូលាយ” ផងដែរ។
លោកប្រាសាដបាននិយាយថា លោកសង្ឃឹមថា ការលូកដៃរបស់តុលាការនឹងក្លាយជាការដាស់តឿនដល់អ្នកបំពុលបរិយាកាស។
លោកបានបន្តថា សម្រាប់មនុស្សវ័យក្មេងនៅប៉ាស៊ីហ្វិក “ការគំរាមកំហែងលើអត្ថិភាព” ពីការប្រែប្រួលអាកាសធាតុ “គឺគួរឱ្យខ្លាចណាស់”៕
លោក សាយម៉ុន កូហ្វេ រដ្ឋមន្ត្រីការបរទេសទូវ៉ាលូ និយាយថា លោកចង់ឃើញគេគាំទ្រយុទ្ធនាការរបស់ប្រទេសវ៉ានូអាទូ