ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវមានចិត្តមួម៉ៅក្តៅក្រហាយឱ្យសោះ ជាពិសេសត្រូវរំងាប់ចិត្តឱ្យត្រជាក់ និងត្រូវធ្វើទំនាក់ទំនងល្អជាមួយក្រុមមនុស្សផងទាំងឡាយទើបអ្វីៗអាចដំណើរការសុខស្រួលជាងនេះ។ការប្រកបការងារមានឡើងមានចុះ ប៉ុន្តែយ៉ាងណាក្តីក៏ពុំមានបញ្ហាអ្វីចូលមកបង្កផលលំបាកច្រើនដែរ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងរ៉ាវប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន ដូចនេះបើមិនចេះកាត់បន្ថយជម្លោះវិវាទទេបញ្ហាជម្លោះពិតជាកើតមានឡើងពុំខាន៕
ឆ្នាំឆ្លូវ
រាសីធ្លាក់ស្រុតចុះ។នាថ្ងៃនេះបើមានក្រុមមនុស្សមកបង្កបញ្ហាដោយការរករឿង ចូរលោកអ្នកចេះអត់ធ្មត់ និងរំងាប់ចិត្តឱ្យបានត្រជាក់ ដាច់ខាតមិនត្រូវតបតទាំងកំហឹងទល់កំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ ។ការប្រកបការងារវិញបើមានបើកឬចាប់ផ្តើមធ្វើអ្វីមួយឃើញថាតែងចំណាយពេលពេលវេលាអត់ប្រយោជន៍ច្រើន និងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយ លោកអ្នក ត្រូវចេះធ្វើចិត្តឱ្យត្រជាក់ និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញគ្រាន់ដូចគាប់ដូចបំណង។
សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចៀសវាងការប្រមាថឬមើលផ្លូវអាក្រក់ដល់គ្នាព្រោះនាំកើតជម្លោះវិវាទនិងកើតបញ្ហាមិនចេះចប់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការរស់នៅឬធ្វើអ្វីមួយមានការបោះជំហ៊ានលូតលាស់ទៅមុខជាលំដាប់ ហើយក៏មានសុខដុមគ្រាន់ជាគាប់ចិត្ត។ការប្រកបការងារ គូប្រជែងរមែងតែខ្លបខ្លាចមិនសូវហ៊ានអើតមុខប៉ុន្មានទេ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរក៏ជាឱកាសល្អប្រពៃហើយ។
រីឯបញ្ហាកំលោះក្រមុំក្នុងពេលនេះដែរបើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកពេញទីគឺអាចជួបគូស្នេហ៍ដែលខ្លួនពេញចិត្ត ហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវឧបសគ្គខ្លះៗយាយី ម្ល៉ោះហើយចូរមានស្មារតីប្រុប្រយ័តុ្នជាប់ជានិច្ច ពិសេសបញ្ហារឿងដីធ្លី ផ្ទះសម្បែង និង បញ្ហាសុខភាព។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។
ដោយឡែកការប្រកបការងារវិញងាយរងគ្រោះនិងក្រុមមនុស្សប្រមាថណាស់ដែរគប្បីប្រយ័ត្នប្រយែងពាក្យសម្តីបន្តិច។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺតែងផ្តល់ការចម្រុងចម្រើនគួរសម។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាប្រពៃ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រេចចិត្ត ឬ ធ្វើអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ការប្រកបការងារលោកអ្នកមានសំណាងខាងទំនាក់ទំនងបន្តិចពីព្រោះថាគេតែងឆ្លើយតបនិងផ្តល់ក្តីសង្ឃឹមច្រើនមកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា “ ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ក្នុងមួយរយៈកាលកន្លងមក លោកអ្នកបានទុកពេលវេលាទំនេរចោលច្រើន ហេតុនេះបើនៅតែខ្ជីខ្ជាពេលវេលាបន្តទៅទៀតនោះផលលំបាកនឹងចៀសមិនរួចឡើយនាថ្ងៃខាងមុខ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយងាយធ្វើឱ្យអារម្មណ៍តប់ប្រម៉ល់និងការប្រកបការងារមានការរាំងស្ទះច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរការចង់បង្កើតរបរថ្មីៗអាចធ្វើបានចំពោះការបោះទុនតូចៗឬធុនមធ្យមតែការបង្កើតរបរដើមទុនធំដុំគួរប្រយ័ត្នប្រយែងបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីដើរពាសវាលកាលឬប្រព្រឹត្តិស្នេហាមិនគប្បីព្រោះថាផលអាក្រក់ៗបើកើតមានហើយគឺមិនត្រឹមអាប់ឱនទេនៅអាចខូចទាំងអនាគតភ្លឺស្វាងថែមទៀត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកបើទោះបីដួងរាសីត្រឹមកម្រិតមធ្យមពិតមែន តែចូរប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីឡើយព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់។ការធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមិនត្រូវលោភឡើយពីព្រោះថាច្រើនមិនគាប់ដូចបំណងទេ ហើយបើមានលាភហេងនោះក៏តិចតួច មិនសម្បូរឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកមិនត្រូវមានចិត្តមានៈឬចង់យកឈ្នះចាញ់ជាមួយអ្នកដទៃច្រើនឡើយ នាំតែជះផលអាក្រក់រស់នៅមិនសុខដុមប៉ុណ្ណោះ។ដោយឡែកការប្រកបការងារមិនសូវជឿនលឿនទៅមុខទេពោលគឺងាយថយក្រោយនិងបង្កើតជាបញ្ហាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើគិតធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពុំនោះទេការចំណាយប្រាក់កាសធ្វើអ្វីមួយពិតត្រូវជាខាតអសារបង់ពុំខាន។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាឡើយព្រោះជារឿយៗតែងចង់ចាញ់ឈ្នះគ្នាជានិច្ច៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅពេលនេះការរស់នៅលោកអ្នកត្រូវចេះបើកចិត្តឱ្យទូលាយ និងគិតគូរឱ្យបានវែងឆ្ងាយបន្តិចទបើគ្មានបញ្ហាចោទឡើងនាពេលក្រោយ។នៅថ្ងៃនេះបើមានការបើកចរចាអ្វីឃើញថាមានការដំណើរការទៅមុខរលូនគួរសម និងបើចាប់ផ្តើមកិច្ចការសំខាន់អ្វីឃើញថាក៏ផ្តល់ផលល្អមកវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បង្កើតអ្វីថ្មីអាចសឹងនិយាយដូចពាក្យចាស់បានថា”ដាក់ចុះដុះតាមដៃ”ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយធ្វើអ្វីភាគច្រើនតែងឆ្លើយតបផលគ្រាន់កក់ក្តៅមកវិញ។ការប្រកបការងារមានភាពសុខដុម និងធ្វើអ្វីៗក៏មានលទ្ធផលឆ្លើយតបគ្រាន់កក់ក្តៅផ្លូវចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។
ពាក់ព័ន្ធសេចក្តីស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះចូរប្រយ័ត្នបញ្ហាការលេងល្បែងស៊ីសងពីព្រោះងាយជួបប្រទះរឿងរាវ និងបញ្ហាតូចធំងាយរត់ចូលជាងសព្វមួយដង។ការប្រកបការងារវិញលោកអ្នកត្រូវប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់ធ្វើមិនដឹងមិនឮបញ្ហាចំពោះមុខទើបប្រសើរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដួងរាសីដាំក្បាលចុះម្ល៉ោះហើយការចេញធ្វើជំនួញទីជិតឆ្ងាយគឺមានការជួបបញ្ហាលំបាកក្នុងការរកផលចំណូលនិងកើតការរកាំរកូសច្រើនថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីត្រូវចេះរក្សាកិត្តិយសកុំភ្លើតភ្លើនខុសរបៀបនាំខូចអស់កេរ្ត៍ឈ្មោះវង្សត្រកូល៕
ឆ្នាំកុរ
រាសីធ្លាក់ស្រុតចុះ។ការរស់នៅលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើន ហើយឱ្យប្រយ័ត្នរោគជំងឺយាយីដោយប្រការណាមួយ។ការប្រកបការងារពុំសូវសម្រេចដូចគាប់បំណង ហើយព្រមទាំងក្រុមមនុស្សមួយចំនួនបៀតបៀនយាយីដោយវាចាបង្កឱ្យឈឺចាប់ថែមទៀត ។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមិនជួបការលំបាកដូចមុនទេ ពោលគឺអាចមានហូរចូលគ្រាន់ជាទីកក់ក្តៅដែរ។ទោះបីយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទនាំការលក់ដូរនៅមិនសុខ។
សម្ព័ន្ធ ស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕