ដោយៈ ប​.​ខុន / ភ្នំពេញៈ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី នឹង​កើតមាន​ឡើងវិញ នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ បង្កើតបានជា​ជ្រលង រុញ​មកលើ​ប្រទេស​កម្ពុជា បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ស្មើ​ល្អ ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស តែ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងកើត និង​ភាគ​ឦសាន ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ បន្ត​ងើបឡើង​ជាថ្មី បន្ទាប់ពី​ស្រក​ចុះ​បន្តិច​វិញ នៅពេល​ពីរ បី ថ្ងៃ​ខាងមុខ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ប្រព័ន្ធ​សម្ពាធ​ទាប នៅលើ​តំបន់​អាង​ទន្លេមេគង្គ​លើ វា​នឹង​កើតឡើង​វិញ នៅក្នុង​សប្តាហ៍​នេះ ដោយ​ទាញ​ភ្ជាប់ ទៅនឹង​សម្ពាធ​ទាប នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ពេលនេះ វា​ស្ថិតនៅ​ពីលើ​ប្រទេស ហ្វីលីពីន បង្កើតបានជា​ជ្រលង រុញ​មកលើ​ប្រទេស​កម្ពុជា បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ស្មើ​ល្អ ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ នៅពេលនេះ របប​ខ្យល់មូសុង​និរតី ស្ថិតនៅក្នុង​រង្វង់​កម្រិត​មធ្យម នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ តែ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងកើត និង​ភាគ​ឦសាន តែ​មិន​ដល់​ថ្នាក់​បង្ក​ជា​ជំនន់​ទឹកភ្លៀង ដូច​កាល​ក្នុង​សប្តាហ៍ មុន​នោះទេ​។ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប សម្ពាធ​ទាប​សកម្ម និង​ខ្យល់មូសុង​និរតី​ខ្លាំង កន្លងទៅនេះ បានធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ងើប​ឡើងដល់​កម្រិត កម្ពស់ ជាង ៥ ម៉ែត្រ នៅ​ចតុមុខ និង ទឹក​បឹង​ទន្លេសាប​ឡើងដល់​រង្វង់​កម្រិត ២,៥០ ម៉ែត្រ នៅ​ក្រគរ កំពង់​លួង​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី ដែល​នឹង​កើតមាន នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ បន្តបន្ទាប់ នៅ​តំបន់​នោះ​នឹង​ធ្វើឱ្យ ទឹកទន្លេ​មេគង្គ ងើបឡើង​ជាថ្មី​បន្តទៀត ក្រោយពី​អាច​ស្រក​ចុះ​បន្តិច នៅពេល​ពីថ្ងៃ​ខាងមុខ ។ ចំណែក​ស្ថានភាព​ទឹក សម្រាប់​ការងារ​បង្កបង្កើនផល នៅ​ទូទាំងប្រទេស ពេលនេះ​មាន គ្រប់គ្រាន់ គ្រប់​អាងទឹក​តូចធំ មានទឹក​ពេញ និង​អាងទឹក​ខ្លះ បាន​បើក​បញ្ចេញ​ចោល​៕/V​