ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ ពលរដ្ឋ​កាប់ឆ្ការ​ដីដំបូក​ធ្វើស្រែ បាន​ប្រទះឃើញ​គ្រាប់កាំភ្លើង ជាច្រើន​គ្រាប់ នៅ​អតីត​សមរភូមិ​ប្រយុទ្ធ​ពី​សម័យ​សង្គ្រាម​។​

​នគរបាល​ស្រុក​ប​វេ​ល បាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នេះ កសិករ​ឈ្មោះ សឿន សាន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ សល់​ពី​សម័យ​សង្គ្រាម​ជាច្រើន នៅពេល​កសិករ​នេះ បាន​កាប់ឆ្ការ និង​រាន​ដីដំបូក នៅក្បែរ​ទីតាំង​ស្រែ​មួយកន្លែង ឋិត​ក្នុងភូមិ​បួរ​សង្គ្រាច ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​គ្រាប់​ដែល​គេ​ប្រទះឃើញ​នេះ សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​មិនទាន់​ផ្ទុះ​ទាំងអស់ សរុប​ចំនួន ៨​គ្រាប់ ក្នុងនោះ​រួមមាន​ប្រភេទ គ្រាប់​បេ ៤០ មួយ​គ្រាប់​, បេ​៤១ ចំនួន​២ គ្រាប់​, គ្រាប់​ប្រភេទ​ឡង់​មួយ​គ្រាប់​, គ្រាប់ ៦០​មី​លី​ម៉ែត្រ ១​គ្រាប់​, គ្រាប់ ៨០ មី​លី​ម៉ែត្រ ចំនួន ២ គ្រាប់ និង​គ្រាប់មីន ៦៩ មួយ​គ្រាប់ ផងដែរ​។​

​សមត្ថកិច្ច​ខាងលើ បាន​បន្ថែមថាៈ ភ្លាមៗ កម្លាំង​ផ្នែក​ជំនាញ បាន​ទំនាក់ទំនង ទៅកាន់​មន្ត្រី ស៊ីម៉ាក មក​ពិនិត្យ និង​ប្រមូល​ទុក​កន្លែង​មាន​សុវត្ថិភាព រង់ចាំ​ពេលវេលា​កម្ទេចចោល​៕/V​