ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ នាយ​បេសកកម្ម​ស៊ី​ហ្គេម នៃ​ប្រទេស​ម៉ាឡេស៊ី Datuk Mohd Nasir ALI បាន​កោតសរសើរ​កម្ពុ​ជា ដែល​ក្លាហាន​ក្នុងការ​កំណត់​កីឡា ចំនួន ៤០ ប្រភេទ សម្រាប់​ការដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើកដំបូង​។​

​លោក​ទទួលស្គាល់ថា ការកំណត់​កីឡា ៣៩ ប្រភេទ​កីឡា រួមជាមួយ​នឹង​កីឡា​សម្ដែង​មួយ ប្រភេទ​ទៀត គឺ ៤០ ប្រភេទ​កីឡា​។ តែ​លោក​មាន​ជំនឿ​ចិត្ត​ថា នឹង​គ្មាន​បញ្ហា​សម្រាប់ ម្ចាស់ផ្ទះ​ឡើយ ព្រោះ​លោក​សំអាង​លើ​អ្វី ដែល​កម្ពុជា មាន​បច្ចុប្បន្ន​។​

​លោក Datuk Mohd Nasir ALI បាន​មានប្រសាសន៍ថាៈ «​សម្រាប់​លោក ចំពោះ​ប្រភេទ​កីឡា ៤០ គឺ​ច្រើន​។ ប៉ុន្ដែ​អ្វីដែល​លោក​បានឃើញ នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ ទីលាន​ប្រកួត និង​ប្រព័ន្ធ​បច្ចេកទេស​ផ្សេងៗ ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន​នេះ លោក​គិតថា អត់​មាន​អ្វី​ជា​បញ្ហា​ទេ ដែល​កម្ពុជា នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ហើយ​ទទួល​រៀបចំ​ការប្រកួត រហូតដល់ ៤០ ប្រភេទ​កីឡា​។ លោក​មានការ​ជឿជាក់ថា កម្ពុជា នឹងធ្វើ​បាន​ដោយ ជោគជ័យ​។​

​នាយ​បេសកកម្ម​រូបនេះ ថែមទាំង​បង្ហាញ​នូវ​សុទិដ្ឋិនិយម សម្រាប់​ការរៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ពិសេស​ដោយមាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាល​ផង នឹងធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​កម្ពុជា ទទួលបាន​នូវ អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖

១/​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នឹងធ្វើ​ឲ្យ​កីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ កម្ពុជា​ទាំងអស់ ពួកគាត់​នឹងមាន​ស្មារតី​មួយ សហការគ្នា ធ្វើ​យ៉ាងម៉េច​ឲ្យ​ក្លាយខ្លួន ជា​ម្ចាស់​ផ្ទះមួយ​ដ៏​ល្អ​។​

២/​កសាង​សង់​កេរ្ដិ៍ឈ្មោះ​កម្ពុជា ទៅកាន់​ឆាក​អន្ដរជាតិ ឲ្យ​ដឹងថា កម្ពុជា​មានការ​អភិវឌ្ឍ និង​សុខសន្ដិភាព បែបណា​។

៣/​សេដ្ឋកិច្ច​ដែល​កម្ពុជា នឹង​ទទួលបាន​ចំណូល ពី​ការរៀបចំ​ការប្រកួត​នេះ ខណៈ​វិស័យ​ទេសចរណ៍ ក៏​នឹង​ត្រួវ​រួមផ្សំ​ផងដែរ នៅពេល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕/V​