ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ កក្កដា ២០២២ នេះ លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមដំណើរជាមួយមន្ត្រីមួយចំនួន បានចុះពិនិត្យមើលទីកន្លែង មួយចំនួន ដែលរង ជំនន់ទឹកភ្លៀងជនលិច និងការស្តារដាក់លូ ដើម្បីរំដោះទឹកភ្លៀង ចេញពីតំបន់មួយចំនួន នៅក្នុងក្រុងកំពង់ឆ្នាំង ខណៈទឹកភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នា ស្ទើរាល់ថ្ងៃ ។
លោក យិន សាវ៉េន បានឱ្យដឹងថាៈ តំបន់ដែលរងការលិច ដោយជំនន់ទឹកភ្លៀង ក្នុងក្រុងកំពង់ឆ្នាំង មាននៅភូមិដំណាក់ពពូល ក្រុងកំពង់ឆ្នាំង ដែលកំពុងតែកាយដាក់លូ ដើម្បីរំដោះទឹកចេញ ចំងាយ ៣០០ ម៉ែត្រ ប៉ុន្តែការងារនេះ បានធ្វើជិតរួចរាល់ទៅហើយ តែដោយសារភ្លៀងពេក ។
ក្រោយការចុះពិនិត្យផ្នែកខាងលើរួច លោក យិន សាវ៉េន ក៍បានបន្តដំណើរ ចុះមកពិនិត្យមើល ស្ថានភាពទំនប់បង្ហៀទឹក និងស្ពានឈើចាស់ទ្រុឌទ្រោម នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង។
ដោយមើលឃើញនូវការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានឈើចាស់ទ្រុឌទ្រោមនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត តាមរយៈលោកយិន សាវេ៉ន អភិបាលក្រុងកំពង់ឆ្នាំង បានជួយឧបត្ថម្ភ ចំនួន ២០០ដុល្លារ រួមនឹងថវិកា អភិបាលក្រុងកំពង់ឆ្នាំង ចំនួន ៣០ ម៉ឺនរៀល ប្រគល់ជូនលោកមេភូមិ ដើម្បីជួសជុលស្ពាននេះ ឱ្យបានធើ្វដំណើរទៅមក បណ្តោះអាសន្ន ខណៈផ្លូវនេះ មមាញឹក ក្នុងការធ្វើដំណើរទៅមក ។
ក្នុងពេលនោះផងដែរ អភិបាលក្រុងកំពង់ឆ្នាំង បានបន្តចុះទៅពិនិត្យមើលព្រែក មួយកន្លែង ទៀត នៅចំណុចព្រែកពពាំង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ដើម្បីរិះរកវិធីដើម្បី នាំយកគ្រឿងចក្រ កាយបើកផ្លូវទឹករំដោះចេញ គ្រាដែលគេបានបិទចោលយូរឆ្នាំហើយ ដើម្បីបង្ហូរទម្លាក់ទៅទន្លេ បន្ធូរទឹកមួយផ្នែក មកខាងទំនប់ទ្វារទឹក ខាងលើ កុំឱ្យជន់លិច ខ្លាំងពេក។
នៅថ្ងៃម្សិលមិញនេះ លោក ស៊ុន សុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកដីយកមកចាក់ទប់ការហូរច្រោះ បាក់ផ្លូវ នៅចំណុចទ្វាទឹកចំនួន៨ រថយន្ត ហើយនៅថ្ងៃនេះដែរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យរថយន្តដឹកថ្ម និងកន្ត្រកដែក យកមកដាក់ដើម្បីទប់ការហូរ ច្រោះបាក់ដី នៅគល់ទំនប់ផ្នែកខាងត្បូង ដើម្បីបញ្ចៀសការហូរច្រោះបាក់ធំឡើងបន្តទៀត។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដានេះ ថាៈ ស្ថានភាពកម្ពស់ទឹកទន្លេ នៅស្ថានីយជលសាស្ត្រ ផ្សារក្រោម ទឹកមានកម្ពស់ ៥,៤១ ម៉ែត្រ បើធៀបនឹងឆ្នាំ២០២១ កម្ពស់ទឹកទន្លេ មានកម្ពស់ ៣,៦០ ម៉ែត្រ ដោយឡែក ស្ថានភាពកម្ពស់ទឹកភ្លៀង ធ្លាក់នៅ ៥ ស្រុក ៦៨ មីលីម៉ែត្រ នៅស្រុកបរិបូរណ៍ ៕/V