ដោយ​: សុខុម / មណ្ឌល​គី​រីៈ នគរបាល​ស្រុក​កោះ​ញែក បាន​ប្រាប់​ឲ្យ​ដឹង នៅថ្ងៃនេះ​ថាៈ ផ្ដើមចេញពី​ភ្លើងចង្ក្រាន បណ្តាលឱ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង ដោយហេតុ​ការណ៍​នោះ បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ស្រែ​ទំនប់​បាក់ ភូមិ​ណង​ប៊ូ ឃុំ​អាង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​នគរបាល​ស្រុក​កោះ​ញែក បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថាៈ ម្ចាស់ផ្ទះ​ឈ្មោះ សារិន​ខន អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សៀវ ពី​ម អាយុ​៥០​ឆ្នាំ មានកូន ៦​នាក់ ក្នុងបន្ទុក ក្នុងនោះ មាន​ស្រី​៤​នាក់ ។ សម្ភារ​ខូចខាត រួមមាន គោយន្ត​មួយគ្រឿង​ម៉ូតូ ២​គ្រឿង និង​សម្ភារ​នៅក្នុង​ផ្ទះ ឆេះ​អស់ទាំង​ស្រុង​។​

​ហេតុការណ៍​នោះ គឺ​ផ្ដើមចេញពីរ​ភ្លើងចង្ក្រាន ក្រោយ​ម្ចាស់ផ្ទះ ចេញទៅ​ធ្វើ​ការងារ​។ ផ្ទះ​នោះ សង់​អំពី​ឈើ ដែលមាន​ទំហំ​ទទឹង ៧ ម៉ែត្រ បណ្ដោយ ៨ ម៉ែត្រ​។ ចំណែក​រថយន្ត​ពន្លត់ អគ្គិភ័យ​មិនអាច​ជួយ​អន្តរាគមន៍​បានទេ ដោយសារ​ស្ថិតនៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​៕/V​