​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​៤ ដែលមាន​គម្រោង​ទាំង​តូច​ទាំង​ធំ ប្រមាណ​ជា ១០០ លាន​ដុល្លារ ។

​គម្រោង​ទី​១ គឺ​របស់​ក្រុមហ៊ុន “L-Q New Energy CO., LTD.” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល​, ខេត្តក្រចេះ​, មាន​ទុនវិនិយោគ​ចំនួន ៨៤,៥ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១.០០០​នាក់​។​

​គម្រោង​ទី​២ គឺ​ក្រុមហ៊ុន “Eastcam Casting Co., Ltd.” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​និង​កែច្នៃ​បំពង់​ទីប​ដែក និង​កែច្នៃ​ដំណរ​បំពង់​ទីប​ដែក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល ស្វាយរៀង​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៥,៨ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២០០​នាក់​។​

​គម្រោង​ទី​៣ គឺ​របស់​ក្រុមហ៊ុន “MEGA HARDWOOD CO., LTD” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តា​ប៉ា​កេ និង​ក្តារបន្ទះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣០០​នាក់​។​

​និង គម្រោង​ទី​៤ របស់​ក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៥៥០​នាក់​៕​