ដោយៈ ចាន់តូ / ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បាននាំគ្នាគាស់សពបុរសជនជាតិខ្មែរ អ៊ិស្លាមម្នាក់ យកមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ទាំងភ្លៀង បន្ទាប់ពីបែកធ្លាយរឿង ឃាតកម្ម ដោយសង្ស័យថា ប្អូនស្រីរបស់សព ជាអ្នកចាក់សម្លាប់ បន្ទាប់ពីមានទំនាស់គ្នា ក្នុងគ្រួសារ។
ការគាស់សព យកមកធ្វើកោសល្យវិច័យនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទី រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីសហគមន៍ ស្ថិតនៅភូមិ -សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីមានការសង្ស័យថា ជារឿងឃាតកម្ម។ ទន្ទឹមនឹងនោះ ស្រីម្នាក់ដែលគេស្គាល់ថា ជាប្អូនស្រីរបស់សព ត្រូវបានសមត្ថកិច្ចខណ្ឌ ឫស្សីកែវ ឃាត់ខ្លួនពីបទ ជាប់សង្ស័យថា បានចាក់សម្លាប់បងប្រុសរបស់ខ្លួន។
សពដែលសង្ស័យថា ប្អូនស្រីចាក់សម្លាប់នោះ ឈ្លោះ ឡោះ សុខគ្រី ភេទប្រុស អាយុ ៤១ឆ្នាំ មានមុខរបរ លាងម៉ូតូ មានលំនៅ នៅភូមិ-សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។ ចំណែក ប្អូនស្រីដែលជាប់សង្ស័យ ឈ្មោះ ឡោះ ស៊ីម៉ាស់ អាយុប្រមាណ ៣៧ ឆ្នាំ។
តាមព័ត៌មាន បានឱ្យដឹងថាៈ បុរសខ្មែរអ៊ិស្លាមម្នាក់នោះ បានស្លាប់ទាំងអាថ៌កំបាំង កាលពីវេលាម៉ោង ប្រមាណ ១០និង៣០នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ហើយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីជាម្តាយឈ្មោះ ម៉ើ ហ្វាល់ អាយុ ៧២ ឆ្នាំ បានព្យាយាមលាក់បាំងការពិត បានធ្វើលិខិតគោរពចូលទៅអនាម័យខណ្ឌឫស្សីកែវ ដើម្បី សុំបញ្ចុះសព ដោយអះអាងថា កូនប្រុសរបស់ខ្លួន បានស្លាប់ដោយសារតែជំងឺសួត រយៈពេល ១០ ឆ្នាំមកហើយ ។
បន្ទាប់ពីបញ្ចុះសពរួចក៍មានការភ្ញាក់ផ្អើល និងមានការសង្ស័យ ពីអ្នកជិតខាងជាខ្លាំង ហើយ សមត្ថកិច្ច ក៍បានចុះសាកសួរ មានការសង្ស័យជារឿងឃាតកម្ម ក៍បានឃាត់ខ្លួនស្ត្រី ជាប្អូន ស្រីនោះ នាវេលាថ្ងៃត្រង់ និងឈានទៅគាស់សព យកមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ តែម្ដង។
តាមព័ត៌មាន បានដឹងទៀតថាៈ នៅមុនពេលកើតហេតុ ប្អូនស្រី បានបង្ខំបងឱ្យលេបថ្នាំ បងអត់លេប ក៍មានទំនាស់គ្នា ឈានទៅចាក់សម្លាប់បងនឹងកូនកាំបិតតែម្តង។ ទោះបីជាយ៉ាងណា ស្ត្រីជាប្អូន ពុំទាន់សារភាពនៅឡើយ៕/V