ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ កុមារី ពីរនាក់ បាននាំគ្នាអង្គុយលេង ក្បែរមាត់ស្ទឹងសែន ខណៈពេលឈប់លេង បាននាំគ្នា ចុះតាមជណ្តើរមាត់ស្ទឹងសែន លាងដៃ ដោយមិនបាន ប្រយ័ត្ន រអិលជើងធ្លាក់ចូលទឹកស្ទឹង ទាំងពីរនាក់ តែបានអ្នកក្បែរៗឃើញ ក៏ជួយសង្គ្រោះ ទាន់ពេល បានកុមារីម្នាក់ តែម្នាក់ទៀត លិចទឹកបាត់ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចម្តុំពោងទឹក ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ ក្មេងស្រី ពីរនាក់ ដែលគេស្គាល់ថា ជា សិស្សសាលា ក្រុងស្ទឹងសែន បានចុះលាងដៃ នៅមាត់ទឹក ដោយសារនៅចំណុចនោះ មាន ទឹកហូរខ្លាំង បណ្ដាលឲ្យក្មេងស្រីទាំងពីរនាក់នោះ បានលង់ទឹក នៅតាមដងស្ទឹងសែននេះ។
លោក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថាៈ កុមារីលង់ទឹក មិនទាន់រកឃើញ មានឈ្លោះ ធឿន សុខរក្សា អាយុ៩ឆ្នាំ ចំណែកកុមារីរងគ្រោះម្នាក់ទៀត ឈ្មោះ រុំ សុវណ្ណារី អាយុ ៩ឆ្នាំ ដូចគ្នា ។
ខណៈពេលនេះ អាជ្ញាធរ និងសមត្ថកិច្ច និងក្រុមគ្រួសារ សាច់ញាតិ កំពុងញាប់ដៃ ញាប់ជើង ក្នុងការស្វែងរកសាកសព ចំណែកកុមារីម្នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ៕/V