​សហគមន៍​នេសាទ​បឹង​តា​មោក​មិនទាន់​កើត​ទេ​តែ​គេ​បាន​សម្តែង​តួរ​ហួសហើយ​

1381
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សហគមន៍​នេសាទ​បឹង​តា​មោក​ដែល​បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មកា​រ​រួច​ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​លើកឡើងថា​មិនទាន់បាន​ក្លាយទៅជា​សហ​គម​ន៍​ស្របច្បាប់​និង​មិនអាច​ប្រើប្រាស់​ត្រា​ក៏ដូចជា​ឯកសណ្ឋាន​បាន​នៅឡើយ​ទេ​។​
​ ​
​លោក​លីវ​ទ្ធី​ប្រធាន​សហគមន៍​នេសាទ​នៃ​រដ្ឋបាល​ជលផល​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​ថា​សហគមន៍​នេសាទ​បឹង​តា​មោក មិនទាន់​បង្កើត​ចេញរួច​ជា​ផ្លូវការ​នៅឡើយ​ទេ តែ​បាន​ដំណើរការ​រៀបចំ​ច្បាប់ទម្លាប់​ស្នើសុំ​ពីក្រោម​ឡើងដល់​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​យូរ​ដែរ​ហើយ​។​

​ទោះជា​យ៉ាងណា​ប្រធាន​នាយកដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹងថា ការបោះឆ្នោត ជ្រើសរើស​សមាជិក​គណៈ​កម្ម​ការ​សហគមន៍​បានធ្វើ​រួចហើយ និង កំពុងដំណើរការ​រៀប​ចំ​ផែនទី​បឹង​សម្រាប់​ការពារ​និង​អភិរក្ស​ដោយបាន​បញ្ជូនទៅ​មន្ទីរ​កសិកម្ម​រួចហើយ​តែ​មិនទាន់​ឃើញ​មាន​លទ្ធផល​តប​ម​វិញ​យ៉ាងម៉េច​នៅឡើយ​ទេ​។​

​លោ​លី​វុទ្ធី​បាន​បញ្ជាក់ថា​សហគមន៍​នេសាទ​ដែល​បានរៀបចំ​បង្កើត​ដោយ​មិនទាន់​ពេញលេញ​លក្ខណៈ​ច្បាប់​នេះ គឺ​មិនអាច​ប្រើប្រាស់​ត្រា​ឬ​ឯកសណ្ឋាន​អ្វី​បានទេ​។ ការប្រើប្រាស់​ត្រា​ត្រូវសុំ​ទៅ​ក្រសួងមហាផ្ទៃ ចំណែក​ឯកសណ្ឋាន​សមា​ជិ​ក​សហគមន៍​វិញ​គេ​ប្រើតែ​អាវយឺត​ដោយមាន​បោះពុម្ព​រូប​ត្រី​តូច​មួយ​គ្រប់គ្រាន់​អាច​សម្គាល់ថា​ជា​សមាជិក​សហគមន៍​បាន​ហើយ​មិនចាំបាច់​ប្រើ​ឯកសណ្ឋាន​ដូចជា​កងកម្លាំង​អាជ្ញាធរ​នោះឡើយ ។

ការប៉ុនប៉ង​ប្រើប្រាស់​ត្រា​និង​ឯកសណ្ឋាន​នេះ​កន្លងទៅ​យើង​(​វុទ្ធី​)​បាន​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើប្រាស់​ទេអ្នកណា​ប្រើ​អ្នកនោះ​ទទួលខុសត្រូវ​។​ទោះជា​យ៉ាងណា​ត្រា​សហគមន៍​នេសាទ​បឹង​តា​មោក​ត្រូវបាន​គេ​ធ្វើ​រូ​ចនិង​បាន​ប្រើប្រាស់​រួច​ក្នុងការ​ធ្វើលិខិត​បញ្ជូន​ទៅ​ស្ថាប​ន័​របស់​រដ្ឋ​ខ្លះ​រួចទៅហើយឯ​ឯកសណ្ឋាន​ដែល​គេ​បាន​កាត់​រួចក៏ត្រូវ​បាន​គេ​ប្រើប្រាស់​រួចហើយ​ដែរ​មួយរយៈ​កន្លងទៅនេះ​។​

​គោលការណ៍​របស់​សហ​គម​ន៍​នេសាទ​ត្រូវបាន​លោក​លី​វុទ្ធី​លើកឡើងថា​បង្កើតឡើង​ដើម្បី​ការពារ​ដែន​នេសាទ​ទប់ស្កាត់​ការនេសាទ​ខុសច្បាប់​និង​អភិរក្ស​ដែន​នេសាទ​សម្រាប់​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ ដែន​នេសាទ​ដែល​បាន​ការពារ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​តែ​សហគមន៍​នេសាទ​បឹង​តា​មោក​រៀបចំ​មិនទាន់បាន​មកដល់​ដំណាក់កាល​នេះ​នៅឡើយ​ទេ​។​
​ ​
​លោក​ងិន​ឌី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រាជធានី​ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១​ខែមិថុនា​ថា​ការរៀបចំ​បង្កើត​សហ​មគ​ន៍​នេសាទ​បឹង​តា​មោក​ដែលមាន​ការឯកភាព​នៅ​គ្រប់​សង្កាត់​ពាក់ព័ន្ធ ដែល​បញ្ជូនមក​ដល់ខ​ណ្ឌ​រដ្ឋបាល​ជលផល​តា​មរយៈ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅរដ្ឋបាល​ជលផល​បាន​បញ្ជូន​បន្តទៅ​មន្ទីរ​កសិកម្ម​ហើយ​។​
​ ​
​លោក​សៀង​បូ​រិ​ន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១​ខែមិថុនា​ថា​ការសុំ​បង្កើត​សហគមន៍​នេសាទ​នៅក្នុង​បឹង​តា​មោក​ដោយមាន​ទាំង​សុំ​កំណត់​ផែនទី​គ្រប់គ្រង​ផង​នោះ​មិនអាច​អនុញ្ញាត​ឲ្យ​បានទេ​។ព្រោះ​បឹង​នេះ​ការពារ​ដោយ​អនុក្រឹត្យ​រួចទៅហើយ បើ​យើង​អនុញ្ញាត​បានន័យថា យើង​ប្រឆាំង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ហើយ ។ ទោះយ៉ាងណា​ឯកសារ​ស្នើសុំ​នោះ​មន្ទីរ​បាន​បញ្ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ ការសម្រេច​យ៉ាងណា​នោះ គឺ​ស្រេច​អភិបាល​រាជធានី​។​
​ ​
​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៨បានធ្វើ​លិខិត​ឆ្លើយតប​ទៅនឹង​លិខិត​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​សំណើសុំ​អន្តរាគមន៍​របស់​សមា​ជិ​ក​គណៈកម្មការ​សហគម​ន៍​នេសាទ​បឹង​តា​មោក​។​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ដល់​សាលា​រាជធានី​ភ្នំពេញ​តាមរយៈ​លិខិត​លេខ​៦០៧​សជណ​ចុះ​ថ្ងៃទី​៣​ខែមេសា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ធ្វើ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅក្នុង​បឹង​តា​មោក​។​

នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសរសេរថាចំពោះ​សំណើសុំ​អន្តរាគមន៍​របស់​សមា​ជិ​ក​គណៈកម្មការ​សហគម​ន៍​នេសាទ​បឹង​តា​មោកអំពី​បញ្ហា​បទល្មើស​នេសាទស្ថិតក្នុង​បឹង​តា​មោក ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្ន​ម​ពេញ​នោះ យោងទៅលើ​អនុក្រឹត្យ​លេខ​២០​អនក្រ​.​បក ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ផ្ទៃ​បឹង​តា​មោក ជា​បឹង​ធម្មជាតិ ជា​សម្បត្តិ​របស់​រដ្ឋ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ត្រូវគោរព​ទៅតាម​ច្បាប់​ជលផល​។​

​លោក​ឃួ​ង​ស្រេង​បាន​សរសេរ​នៅក្នុង​លិខិត​ឆ្លើយតប​ទៅ​ក្រសួងមហាផ្ទៃ​នោះ​ទៀតថា​រយៈពេល​កន្លងមក​នេះ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រជុំ​ដោះស្រាយ​បញ្ហា​បទល្មើស​នេសាទ​នៅ​បឹង​តា​មោក​នេះ ដោយ​អញ្ជើញ​ខាង​ជំនាញ​ជលផល​ចូលរួម​ក្នុងនោះ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជលផល​អញ្ជើញ ប្រជា​នេសាទ​ទាំងអស់​មក​ប្រជុំ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ជលផល ជូន​ពួកគាត់​ឲ្យ​យល់ច្បាស់​ករណី​ល្មើស​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​៕S/

​សមាជិក​គណ់កម្មការ​សហគមន៍​នេសាទ​បឹង​តា​មោក​គ្រង​ឯកសណ្ឋាន​ក្នុងពេលដែល​សហគមន៍​មិនទាន់​ស្របច្បាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ត្រូវ​បង្ក្រាប​និង​ដុតបំផ្លាញ​ចោល​ដោដ​រដ្ឋបាល​ជលផល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ