ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានផ្លាស់ប្ដូរ​យោបល់ និង​ពិភាក្សា​ការងារជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ​ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា​នៅក្នុង​ជំនួប​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២២​។​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គឺ​​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ​ក៏ដូចជា​រវាង​អាស៊ាន​-​ជប៉ុន​និង​ការត្រៀម​រៀបចំ​សម្រាប​ភាព ជោគជ័យ​នៃ​កិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​លើក​ទី​៥៥​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​នឹងត្រូវ​រៀបចំ​ដោយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរាជទូតជប៉ុនបាន​ពិភាក្សា​អំពី​កម្មវិធី​បណ្តោះអាសន្ន​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក​រដ្ឋ​មន្ត្រីការបរទេស​ជប៉ុន អ៊ី​យ៉ូ​ស៊ី​ម៉ាសា ហា​យ៉ា​ស៊ី​(Yoshimasa Hayashi )​ជាពិសេស​អំពីសំណើសុំ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​,​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីការបរទេស​ទាំងពី​,​ការចុះ ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ឥណទាន​សម្បទា​ន​ប្រាក់​យ៉េន​របស់​ជប៉ុន និង​សកម្មភាព​ផ្សេងៗ​ទៀត​។លោកឧបនាយករដ្ឋមន្ត្រីនិង​ឯកអគ្គរាជទូត ក៏បាន​លើកឡើង​ផងដែរ​អំពី​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ជុំ សុន្ទរី បាន​បន្តទៀតថា កិច្ចប្រជុំ​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​ជប៉ុន (ASEAN PMC + Japan), កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​៣ លើក​ទី​២៣, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១២, វេទិកា​តំបន់​អាស៊ាន (ARF) លើក​ទី​២៩, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​- ជប៉ុន លើក​ទី​១៥, សិក្ខាសាលា​ដែល​ត្រូវបាន​ស្នើឡើង ស្តីពី​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន និង​បញ្ហាសំខាន់ៗ​មួយចំនួន​ដែល​ទាក់ទង​នឹង​កិច្ចប្រជុំ​ទាំងនេះ ក៏​ត្រូវបាន​ពិភាក្សា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត​ផងដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់​ក្នុង​កិច្ចពិភាក្សា​នេះ​ថា ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងអស់ និង​ដោយមាន​កិច្ចសហប្រតិបត្តិការ និង​ការយោគយល់​ពី​ប្រទេស​ដែល​ចូលរួម​ទាំងអស់ កម្ពុជា​នឹង​ព្យាយាម​ធ្វើឱ្យ​ល្អ​បំផុត​តាម​អាច​ធ្វើបាន ដើម្បី​ធ្វើ​ឲ្យ​កិច្ចប្រជុំ​មានដំណើរ​ការ​រលូន និង​មាន​ភាពងាយស្រួលដល់​អ្ន​ក​ចូលរួម​ទាំងអស់ ខណៈដែល​លោក​ឯកអគ្គរាជទូត មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ធានា​អះអាង​ជាថ្មី​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី អំពី​ការគាំទ្រ​យ៉ាង​ពេញលេញ​របស់​ជប៉ុន​សម្រាប់​ភាពជោគជ័យ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​៕សរន

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានផ្លាស់ប្ដូរ​យោបល់ និង​ពិភាក្សា​ការងារជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២២​(រូបថតក្រសួងការបរទេស)