ដោយៈ បាយ័ន / សៀមរាបៈ កុមារា​ចំនួន​ពីរ​នាក់ ត្រូវជា​បងប្អូន​បង្កើត បាន​ស្លាប់ ដោយសារ​លង់ទឹក ក្នុង​រណ្តៅ​មួយកន្លែង នៅវេលា​ម៉ោង ១៤​និង​១០​នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ ស្ថិតនៅ​ចំណុច​ភូមិ​អង្គា​ញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។​

​នគរបាល​ស្រុក​ស្វាយ​លើ បាន​រាយការណ៍​មក​ថាៈ ជនរងគ្រោះ​ទាំងពីរ​គឺ ទី​១ ឈ្មោះ ប្រុស វុទ្ធី អាយុ​៦​ឆ្នាំ និង​ទី​២ ឈ្មោះ ប្រុស វ​ណ្ណេ​ត អាយុ​៤​ឆ្នាំ ។ កុមារា​ទាំងពីរ រស់នៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ យ៉ុង យឿន ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ រស់នៅ​ភូមិ​អង្គា​ញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវ​ជាតា​របស់​ក្មេងរងគ្រោះ​ទាំងពីរ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ បុរស​នេះ បាន​យក​ចៅ​របស់ខ្លួន​ទាំងពីរ​នាក់ មកលេង​នៅឯ​ផ្ទះ​របស់ខ្លួន នៅឯ​ភូមិ​អង្គា​ញ់ ឃុំ​ស្វាយ​លើ ហើយ​នៅ​ថ្ងៃ​ដដែល​នេះដែរ គាត់​ជាមួយ​ចៅប្រុស​ទាំងពីរ បាន​ហូបបាយ ដោយ​ពួកវា​ទាំងពីរ​នាក់ បាន​ហូប​រួច​មុន ហើយ​ប្រពន្ធ​របស់ខ្លួន ក៏បាន​ប្រាប់​ចៅ​ថា ចៅ​ឯង​ទៅ​ងូតទឹក​ទៅ​។ ភ្លាមនោះ ចៅ​របស់ខ្លួន ក៏បាន​កាន់កា​ប៉ោយ ដើរទៅ​ខាងត្បូង​ផ្ទះ​។ ចំណែក​គាត់​មិនបាន​ចាប់អារម្មណ៍​នោះទេ ហើយ​នៅតែ​ហូបបាយ​បន្តទៀត មួយសន្ទុះ ស្រាប់តែ​បាត់​សំលេង​ចៅ ក៏​សួរ​ទៅ​ប្រពន្ធ​ថា បាត់​ចៅ​ទៅណា ភ្លាមនោះ ក៏បាន​នាំគ្នា​រត់​ឆ្លេឆ្លា ដើម្បីរ​កចៅ ដោយមាន​ការសង្ស័យ ខ្លួន​ក៏បាន​ទៅ​មើល​នៅ​ស្រះ​ខាងត្បូង​ផ្ទះ ស្រាប់តែ​ឃើញ​កា​ប៉ោយ ដែល​ចៅ​ខ្លួន​កាន់ អណ្ដើ​ត​នៅក្នុង​ទឹកស្រះ ឃើញ​ដូចនេះ ខ្លួន​ក៏បាន​មុជ​រាវ រក ក៏​ឃើញ​ចៅ លង់ទឹក​លិច នៅ​បាត​ស្រះ​ទាំង ២ នាក់ ហើយ​ខ្លួន ក៏បាន​ស្រង់​មក​ភ្លាម នឹង​បានដឹង បញ្ជូនទៅ​មណ្ឌល សុខភាព ស្រុក​ស្វាយ​លើ ពេលទៅដល់​ប្រធាន​មណ្ឌល​សុខភាព ស្រុក​ស្វាយ​លើ ដោយ​ពេទ្យ​បាន​បញ្ជាក់ថា ចៅ​របស់ខ្លួន​ទាំងពីរ​នាក់ បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ ហើយ​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច រួច​ក៏​បន្ត​យកមក​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​៕/V​