​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ទូក​មួយ​ដែល​ដឹក​ភ្ញៀវ​ប្រមាណ​១០០​នាក់​ទៅ​ចូលរួម​ពិធី​រៀបការ​មួយបាន​ក្រឡាប់​លិច​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទន្លេ​អ៊ី​ន​ឌូស​(Indus)​ដែល​មាន​ទឹក​ហូរ​លឿន​នៅក្នុង​ខេត្ត​ពុន​ចាប​(Punjab)​ដោយ​សម្លាប់​ស្ត្រី​និង​កុមារ​យ៉ាងតិច​២០​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​ជួយសង្គ្រោះ​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ស្រុក​មួយ​ចម្ងាយ​ប្រមាណ​៣៥០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​មុល​តាន់​(Multan)​ក្នុង​ខេត្ត​ពុន​ចាប​។​

​មន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាង​ហោច​ណាស់​៦៥​នាក់ រួម​មាន​កូន​កម្លោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​ប្រមាណ​២០​នាក់ រួម​មាន​កុមារ​នៅ​បាត់​ខ្លួន​នៅឡើយ។​បើ​តាម​ព័ត៌មាន​បឋម មនុស្ស​ពី​៩០​ទៅ​១០០​នាក់​បាន​ជិះ​​ទូក​ដែល​លិច ហើយ​មូលហេតុ​នៃ​ការ​លិច​ទូក​នេះ​គេ​នៅ​មិនទាន់​ដឹង​ភ្លាមៗ​នៅឡើយ តែ​ទំនងជា​មក​ពី​ទូក​ដាក់​ហួស​ចំណុះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នាយករដ្ឋមន្ត្រី សា​បា​ហ្ស៍ សារីហ្វ​( Shahbaz Sharif)​បាន​សម្តែង​ទុក្ខសោក​និង​សោកស្តាយ​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​ហើយ​បាន​សុំ​អោយ​អាជ្ញាធរ​ខិតខំ​​ជួយសង្គ្រោះ​អ្នកដំណើរ​ដែល​កំពុង​បាត់​ខ្លួន​។​

​សូមបញ្ជាក់​ថា គ្រោះថ្នាក់​លិច​ទូក​លិច​កាណូត​ដូច្នេះ​កើត​មាន​ជា​ញឹកញយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយសារ​តែ​ទូក​ឈើ​រខេករខាក​ត្រូវបាន​យក​ទៅ​ដឹក​ទំនិញ​និង​មនុស្ស​ក្នុង​ទន្លេ​និង​បឹង​។​ទូក​ភាគច្រើន​​ធ្វើការ​ដឹក​មនុស្ស​ដោយ​មិន​មាន​ពោង​ការពារ​អាយុជីវិត​ទេ​៕

​អ្នក​ជួយ​សង្គ្រោះ​និង​អ្នក​ភូម​នាំគ្នា​ស្វែងរក​អ្នក​បាត់​ខ្លួន​និង​សែង​ជនរងគ្រោះ​ចេញពី​ទន្លេ​អ៊ី​ន​ឌូស​កាលពី​ថ្ងៃ​ចន្ទ​