​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ជំនួយ​របស់​សហរដ្ឋ​អាម៉េរិក លោកស្រី សា​ម៉ាន​ថា ផៅ​វើ (Samantha Power) កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​បាន​សន្យា​ផ្តល់ជំនួយ ១,១៨ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​បញ្ចៀស​គ្រោះ​ទុរ្ភិក្ស​នៅ​តំបន់​ស្នែង​អាហ្វ្រិក​និង​ជំរុញ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​ចិន​ឱ្យ​ប្រឹង​ជួយ​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​ស្បៀង​អាហារ​ដែល​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​លោកស្រី​ផៅ​វើ​បានបង្ហាញ​ការព្រួយបារម្ភ​ថា សង្គ្រាម​ក៏​ដូចជា​ការប្រែប្រួល​អាកាសធាតុ​បានធ្វើឱ្យ​ភាពអត់ឃ្លាន​នៅ​ជុំវិញ​ពិភពលោក​កាន់តែ​អាក្រក់​ទៅៗ បន្ទាប់​ពី​វឌ្ឍនភាព​មួយ​ទសវត្សរ៍​ត្រូវបាន “​បំផ្លាញ​” ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​។​

​លោកស្រី​បាន​និយាយ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ថា “​សព្វថ្ងៃនេះ យើង​កំពុង​ប្រឈម​មុខ​នឹង​អ្វី​ដែល​កាន់តែ​បំផ្លិចបំផ្លាញ​ព្រោះ​មិន​ត្រឹមតែ​មាន​មនុស្ស​រាប់​សិប​លាន​នាក់​ទៀត​​ប្រឈម​មុខ​នឹង​ភាពអត់ឃ្លាន​យ៉ាងធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​ថែម​ទាំង​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពអត់ឃ្លាន​ទាំងស្រុង​ផងដែរ​”​។​

​លោកស្រី​ផៅ​វើ ជា​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​និយាយថា ស្ថានភាព​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​ជាពិសេស​នៅក្នុង​ប្រទេស​សូ​ម៉ាលី​ដ៏​ចលាចល​ប្រទេស​អេត្យូ​ពីដែល​​ញាំញី​ដោយ​ជម្លោះ និង​កេន​យ៉ា ដែល​ហៅថា​តំបន់​ស្នែង​អាហ្វ្រិក ដែល​គេ​ព្យាករណ៍​ថា​នឹង​ជួបប្រទះ​គ្រោះរាំងស្ងួត​ជាប់​គ្នា​ជា​លើក​ទី​ប្រាំ​នៅ​ចុងឆ្នាំ​នេះ​។​

​ដោយ​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ស្នែង​អាហ្វ្រិក​នៅ​ចុង​សប្តាហ៍​នេះ លោកស្រី​ផៅ​វើ​បាន​និយាយថា យ៉ាងហោច​ណាស់​មាន​កុមារ​ចំនួន ១.១០៣ នាក់​នៅ​ទីនោះ​ត្រូវ​គេ​ដឹងថា​បាន​ស្លាប់​ហើយ​​កុមារ​ចំនួន​ប្រាំ​ពីរលាន​នាក់​ផ្សេង​ទៀត​កំពុង​ខ្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ​។​

​លោកស្រី​ផៅ​វើ​បាន​និយាយថា ជំនួយ​១,១៨ ពាន់​លាន​ដុល្លារ​នឹង​រួមបញ្ចូល​អាហារ​សង្គ្រោះបន្ទាន់ ជាពិសេស ស័រ​ហ្គាំ (Sorghum)​ជា​គ្រាប់​ធញ្ញជាតិ​ប្រើប្រាស់​ក្នុងស្រុក​ដែល​ងាយស្រួល​ដាំ​ជាង​ស្រូវ​សាលី ក៏ដូចជា​អាហារ​បំប៉ន​ដែលមាន​មូលដ្ឋាន​លើ​សណ្តែកដី​សម្រាប់​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ និង សេវា​ពេទ្យសត្វ​សម្រាប់​បសុសត្វ​ដែល​កំពុង​ងាប់​ជា​បន្តបន្ទាប់​។​

​លោកស្រី​បាន​និយាយថា “​ឥឡូវ​នេះ​យើង​ត្រូវការ​អ្នក​ផ្សេង​ទៀត​ដើម្បី​ប្រឹង​ជួយ​បន្ថែម​ទៀត មុនពេល​មាន​គ្រោះ​ទុរ្ភិក្ស​កើតឡើង មុន​ពេល​កុមារ​រាប់លាន​នាក់​ទៀត​ឃើញ​ខ្លួន​ឯង​ស្ថិត​លើ​ផ្លែកាំបិត​”​។​

​តម្លៃ​ស្បៀងអាហារ​សកល​បាន​កើនឡើង​ខ្ពស់​ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​ឈាន​មុខ​គេ ដោយ​នាវាចម្បាំង​រុស្ស៊ី​បាន​បិទ​កំពង់ផែ ខណៈ​ទីក្រុង​គៀវ​បាន​ពង្រាយ​មីន​ដើម្បី​ទប់ស្កាត់​ការវាយលុក​ឡើងគោក​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​៕

​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ លោកស្រី សា​ម៉ាន​ថា ផៅ​វើ