ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មន្ត្រីគយម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃចន្ទថាពួកគេចាប់បានផ្នែកនៃរាងកាយសត្វកម្រទម្ងន់ជាង៦.០០០គីឡូក្រាម ដែលមានតំលៃលើទីផ្សារងងឹតប្រមាណ១៨លានដុល្លារហើយត្រូវគេគិតថាវាត្រូវបានលួចនាំមកពីអាហ្វ្រិក។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាមជ្ឈមណ្ឌលមួយនៃការជួញដូរសត្វព្រៃ ដោយផ្នែកនៃរាងកាយរបស់វាត្រូវបានដឹកជញ្ជូនកាត់ប្រទេសឆ្ពោះទៅកាន់ទីផ្សារក្នុងតំបន់។
អាជ្ញាធរបានបង្ក្រាបការប៉ុនប៉ងលួចដឹកជញ្ជូនផ្នែកនៃរាងកាយសត្វកម្រនេះកាលពីថ្ងៃ១០កក្កដា ហើយបានរកឃើញទំនិញខុសច្បាប់នេះនៅកំពង់ផែក្លាង(Klang)នៅឆ្នេរខាងលិចរបស់ប្រទេស ដោយបង្កប់ជាមួយឈើនៅក្នុងកុងតេនឺមួយ។
ទំនិញដែលរឹបអូសមានទម្ងន់ជាង៦តោន រួមមានភ្លុកដំរីប្រមាណ៦.០០០គីឡូក្រាម កុយរមាស២៩គីឡូក្រាម ស្រកាពង្រូល១០០គីឡូក្រាម លលាដ៍និងឆ្អឹងសត្វ៣០០គីឡូក្រាម។មិនមានការចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងទំនិញខុសច្បាប់ជាង៦តោននេះទេ។
មន្ត្រីគយម៉ាឡេស៊ីបានអោយដឹងថា ទំនិញដែលរឹបអូសនេះមានតំលៃប្រមាណ៨០លានរីងហ្គីត(១៨លានដុល្លារ) និងត្រូវគេជឿថាមកពីអាហ្វ្រិក ហើយម៉ាឡេស៊ីមិនមែនជាគោលដៅចុងក្រោយរបស់វាទេ។
សូមបញ្ជាក់ថា ផ្នែកនៃរាងកាយសត្វកម្រដូចជា ភ្លុកដំរីនិងស្រកាពង្រូលមានការពេញនិយម(ត្រូវប៉ាន់)ក្នុងបណ្តាប្រទេសអាស៊ី ជាពិសេសចិននិងវៀតណាមដោយគេប្រើវាជាឳសថបុរាណនិងគ្រឿងលម្អ៕
គយម៉ាឡេស៊ីបង្ហាញភ្លុកដំរី កុយរមាស ស្រកាពង្រូលព្រមទាំងឆ្អឹងសត្វ ដែលមានតំលៃ១៨លានដុល្លារ