ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃចន្ទទី១៨កក្កដា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)បានព្រមព្រៀងគ្នាលើថវិកាចំនួន ៥០០ លានអឺរ៉ូ (៥០៤ លានដុល្លារ)ផ្សេងទៀតនៃមូលនិធិសហភាពអឺរ៉ុប ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដោយនាំឱ្យជំនួយផ្នែកសន្តិសុខរបស់ប្លុកនេះឈានដល់ ២,៥ ពាន់លានអឺរ៉ូ ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី អាន លីនដេ (Ann Linde)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកិច្ចព្រមព្រៀងនយោបាយមួយត្រូវបានសម្រេចស្តីពីជំនួយយោធាលើកទីប្រាំដល់អ៊ុយក្រែន”។
លុយនេះគួរតែជួយ EUបន្តរួមគ្នាទិញឧបករណ៍និងគ្រឿងផ្គត់ផ្គង់សម្រាប់យោធាអ៊ុយក្រែន រួមទាំងអាវុធសាហាវៗ ដែលប្លុកនេះនិយាយថាគួរតែប្រើប្រាស់សម្រាប់គោលបំណងការពារខ្លួន។
ជាធម្មតាច្បាប់របស់សហភាពអឺរ៉ុបគឺរារាំងប្លុកនេះមិនឱ្យប្រើប្រាស់ថវិការយៈពេលប្រាំពីរឆ្នាំរបស់ខ្លួនដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការយោធានោះទេ ប៉ុន្តែអ្វីដែលគេហៅថា មណ្ឌលសន្តិភាពអឺរ៉ុបដែលមានថវិកាកំណត់ ៥ ពាន់លានអឺរ៉ូ គឺស្ថិតនៅក្រៅថវិកានោះ ហើយអាចប្រើប្រាស់ដើម្បីផ្តល់ជំនួយផ្នែកយោធាបាន។
សហភាពអឺរ៉ុបបានអនុម័តការផ្តល់ជំនួយជាលើកដំបូង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងអ្វីដែលត្រូវបានពណ៌នាដោយក្រុមមន្ត្រីសហភាពអឺរ៉ុបថាជាពេលវេលារបត់សម្រាប់ប្លុកមួយនេះ ដែលព្រួយជាយូរមកហើយចំពោះការចូលរួមផ្នែកយោធាហួសពីព្រំដែនរបស់ខ្លួន។
ទោះយ៉ាងណា ជាមួយនឹងថវិកាពាក់កណ្តាលនៃមណ្ឌលសន្តិភាពនេះត្រូវបានផ្តល់ឱ្យអ៊ុយក្រែនរួចបន្ទាប់ពីរយៈពេលប្រាំខែគេមិនច្បាស់ទេថាតើសហភាពអឺរ៉ុបនឹងអាចបន្តផ្តល់ហិរញ្ញប្បទានដល់ការទិញនិងការចែកចាយសព្វាវុធនិងឧបករណ៍ផ្សេងទៀតយ៉ាងដូចម្តេច ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីនៅតែបន្ត។
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក យ៉ូសេប បូរែល (Josep Borrell)បានប្រាប់សន្និសីទសារព័ត៌មានថា សង្គ្រាមទំនងជានឹងបន្តទៅមុខទៀត។ លោកបានព្យាយាមបង្ហាញដល់អ៊ុយក្រែនថា EU មិនបោះបង់ចោលនោះឡើយ ដោយបន្ថែមថា លោករំពឹងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងអនុម័តការហាមឃាត់ការនាំចូលថ្មីរបស់សហភាពអឺរ៉ុបលើមាសរុស្ស៊ីនៅចុងសប្តាហ៍នេះ៕
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក យ៉ូសេប បូរែល និយាយថាសង្គ្រាមទំនងជានឹងបន្តទៅមុខទៀត
អឺរ៉ុបផ្តល់ជំនួយយោធាអស់២,៥ ពាន់លានអឺរ៉ូហើយសំរាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ