ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រះអង្គម្ចាស់ហារីរបស់ចក្រភពអង់គ្លេសបានមានបន្ទូលប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី១៨កក្កដាថាការលុបចោលសិទ្ធិរដ្ឋធម្មនុញ្ញមួយនៅក្នុងសហរដ្ឋអាម៉េរិកគឺជាផ្នែកនៃ “ការវាយប្រហារជាសកលលើលទ្ធិប្រជាធិបតេយ្យនិងសេរីភាព”។
ព្រះអង្គម្ចាស់ បានថ្លែងសុន្ទរកថាបែបនេះទៅកាន់មហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉កក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធទិវាអន្តរជាតិនែលសុន ម៉ង់ដេឡា (Nelson Mandela) ។
ព្រះអង្គម្ចាស់បានមានបន្ទូលប្រាប់ក្រុមប្រតិភូនានាថា “នេះគឺជាឆ្នាំដ៏ឈឺចាប់មួយនៅក្នុងទសវត្សរ៍ដ៏ឈឺចាប់”។
ទ្រង់បានលើកឡើងអំពីរឿងក្រឡាប់ចាក់ពីជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ព័ត៌មានមិនពិតនិងការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនមុនពេលសំដៅអំពីការលុបចោលសិទ្ធិរំលូតកូននៅទូទាំងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះដោយតុលាការកំពូល។
ព្រះអង្គម្ចាស់ហារីមានបន្ទូលថា”ហើយចេញពីសង្គ្រាមដ៏គួរឱ្យរន្ធត់នៅអ៊ុយក្រែនរហូតដល់ការលុបចោលវិញនៃសិទ្ធិរដ្ឋធម្មនុញ្ញនៅទីនេះនៅក្នុងសហរដ្ឋអាម៉េរិក យើងកំពុងឃើញការរំលោភបំពានជាសកលលើលទ្ធិប្រជាធិបតេយ្យនិងសេរីភាព ដែលជាបុព្វហេតុនៃជីវិតរបស់លោកម៉ង់ដេឡា”។
ព្រះអង្គម្ចាស់បានគោរពដល់លោកម៉ង់ដេឡាជាវីរបុរសប្រឆាំងការរើសអើងជាតិសាសន៍របស់អាហ្វ្រិកខាងត្បូង ដែលបានជាប់គុក ២៧ ឆ្នាំមុនពេលត្រូវបានជ្រើសរើសជាមេដឹកនាំស្បែកខ្មៅដំបូងបង្អស់របស់ប្រទេសនេះថា “មិនត្រឹមតែជាមនុស្សមានសតិសម្បជញ្ញៈប៉ុណ្ណោះទេ” ប៉ុន្តែថែមទាំងជា “មនុស្សដែលធ្វើសកម្មភាព” ផងដែរ។
ព្រះអង្គម្ចាស់ហារីព្រះជន្ម៣៧វស្សាបានជំរុញឱ្យមានអារម្មណ៍បែបនេះឡើងដើម្បីជំរុញឱ្យមេដឹកនាំទាំងអស់ដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈមហេសីរបស់ទ្រង់គឺព្រះនាង មេហ្គាន ម៉ាកិល (Meghan Markle) កំពុងសម្លឹងមើលពីកន្លែងអង្គុយ។
ទ្រង់បានមានបន្ទូលថា “ខណៈយើងអង្គុយនៅទីនេះថ្ងៃនេះ ពិភពលោករបស់យើងបានឆេះជាថ្មីម្ដងទៀត” ដោយបន្ថែមថា “ព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រលែងជារឿងប្រវត្តិសាស្ត្រទៀតហើយ។ ចង់មិនចង់ ពួកវាគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ ហើយវិបត្តិនេះនឹងកាន់តែអាក្រក់ទៅៗ លុះត្រាតែអ្នកដឹកនាំរបស់យើងធ្វើសកម្មភាព”៕
ព្រះអង្គម្ចាស់ហារី និងព្រះនាង មេហ្គាន ម៉ាកិលនៅមហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉ក