ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានជួបប្រជុំជាមួយបណ្ដាសហព័ន្ធជាតិដើម្បីជម្រាបជូនអំពីប្រភេទកីឡាដែលក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ក្នុងកិច្ចប្រជុំកន្លងមកសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបានជម្រាបជូនអង្គប្រជុំថាក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានអនុម័តលើកីឡា ចំនួន ៣៩ ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ រួចរាល់ហើយគឺសរុប៤០ប្រភេទកីឡា។
តាមបទដ្ឋាន កីឡាគឺប្រភេទកីឡាកាតព្វកិច្ច រួមមាន អត្តពលកម្ម និងកីឡាក្នុងទឹក នឹងស្ថិតនៅជាប្រភេទ កីឡា ចំណាត់ថ្នាក់ទី១ ដែលបានបញ្ជាក់ សម្រាប់ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។ កីឡាសរុបចំនួន៣១ ត្រូវបានសម្រេច នៅក្នុងប្រភេទកីឡាចំណាត់ថ្នាក់ទី២ ដែលនឹងឃើញ មានការរួមបញ្ចូលគ្នា នៃប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី។ ចំណែកប្រភេទកីឡា ចំណាត់ថ្នាក់ទី៣ ដែលជាកីឡាក្នុងតំបន់ និងកីឡាប្រពៃណី ត្រូវបានដឹង ថា មានកីឡាចំនួន ៦ ប្រភេទ និងចុងក្រោយកីឡាសម្ដែង (Demonstration Sport)ដែលជាកីឡា មិនស្ថិតក្នុការប្រកួតប្រជែង ដណ្ដើមមេដាយមាស ១ប្រភេទ ត្រូវបានដាក់បញ្ចូលផងដែរ។
ប្រភេទកីឡា ដែលត្រូវបានអនុម័ត រួមមាន៖
• ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)។
• ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. វាយសី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. ប្រណាំងទូកប្រពៃណី, ៨. អុក (អុកចត្រង្គ និងអុកចិន), ៩. គ្រីឃីត, ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ១១. កីឡារាំ, ១២. បាល់ទាត់, ១៣. គុនដាវ, ១៤. ហែលទឹកជើងទា, ១៥. វាយកូនហ្គោល, ១៦. កាយសម្ព័ន្ធ (Aerobic and Artistic), ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល), ១៨. យូដូ, ១៩. ការ៉ាតេ, ២០. គុនខ្មែរ (មួយ), ២១. ប៉េតង់, ២២. ទូកក្ដោង, ២៣. សីដក់ (រួមបញ្ជូលសី ឈិនឡូន), ២៤. បញ្ចសីលា, ២៥. សូហ្វតេន្នីស, ២៦. វាយកូនឃញលីលើតុ, ២៧. តេក្វាន់ដូ WT, ២៨. វាយកូនបាល់, ២៩. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), ៣១. លើកទម្ងន់, ៣២. ចំបាប់, ៣៣. វ៉ូស៊ូ។
• ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ៣៤. កាយវប្បកម្ម, ៣៥. កីឡាអេឡិចត្រូនិក, ៣៦. កីឡា Floorball, ៣៧. ម៉ូតូទឹក, ៣៨. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, យុទ្ធគុនចម្រុះកូរ៉េ ITF, វ៉ូវីណាម និង៣៩. កីឡាឧបសគ្គ។
• ដោយឡែក កីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូង នោះគឺ កីឡា Teqball ជាកីឡាបាល់មួយ ដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នា នូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។
ជាមួយគ្នានេះផងដែរនៅមានកីឡាចំនួន ៥ ប្រភេទផ្សេងទៀត ក៏ត្រូវបានស្នើសុំដាក់ពិចារណាផងដែរ រួមមានៈ កីឡាបាញ់កាំភ្លើង, កីឡា Kurash, កីឡាកាយសម្ព័ន្ធ វិញ្ញាសា (Rythmic), អុកអន្តរជាតិ និងកីឡាបាញ់ធ្នូ ។
លោក វ៉ាត់ ចំរើនបន្តថា ប្រភេទកីឡា ដែលយើងបានធ្វើការកំណត់មាន ៣៩ ប្រភេទកីឡា និងមានកីឡាសម្ដែង (Demonstration) ១ប្រភេទ ហើយយើងទុក ៥ ប្រភេទទៀត ដែលគេសំណូមពរឲ្យយើង ទុកជាការពិចារណា។ បើអាចយើងដាក់ បើមិនអាច យើងអត់ ដាក់ឡើយ។
ក្នុង ៣៩ ប្រភេទកីឡានេះ ដោយសារយើងបង្រួមចូលគ្នា លើប្រភេទកីឡាមួយចំនួន ៦ ប្រភេទកីឡា ឲ្យចូលទៅក្នុងក្រុមកីឡាយុទ្ធគុនចម្រុះ ដូចជា ល្បុក្កតោ, Arnis, វ៉ូវីណាម ជាដើម យើងច្របាច់ចូលមួយក្រុម អ៊ីចឹងយើង ទទួលបានចំនួន មួយច្បាស់លាស់។ ប្រភេទកីឡាទាំងអស់ ដែលបានអនុម័ត ប្រទេសជាសមាជិកទាំងអស់ សប្បាយចិត្ត ដោយសារយើង បានដាក់សឹងតែទាំងអស់ នៃប្រភេទកីឡារបស់គេទៅហើយ៕