ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ រថយន្ត​មួយគ្រឿង​បើក​បោះពួយ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​រងរបួស​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​រួច​បន្ត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​នឹង​កន្លែង និង​របួស​ពីរ​នាក់​ក្នុងនោះ​មាន​ក្មេង អាយុ​៥​ម្នាក់​ឆ្នាំ​ផង​។ ក្រោយ​បង្ក​គ្រោះថ្នាក់​រថយន្ត​មិន​អស់​ល្បឿន​រថយន្ត​បាន​បន្ត​ទៅបុក​ចូល​ផ្ទះ​នៅក្បែរ​ផ្លូវ​ជាប់​ទៅមុខ​លែងរួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៧​យប់​ថ្ងៃទី​១៨​ខែ កក្កដា ឆ្នាំ ២០២២​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ខាងជើង វត្ត​ភ្នា​ត ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​

​រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ ២X.៣៤៤៥​។​អ្នកបើកបរ​ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

​ចំណែក​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ​រឿន សារី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ ។​មាន​លំនៅ​ភូមិ​បឹង​ខ្ន​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ចំណែក​អ្នករងរបួស​បួន​នាក់ ក្នុងនោះ​មាន​ក្មេងប្រុស​អាយុ ៥​ឆ្នាំ ម្នាក់​ផង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​។​

​ប្រភព​បានឱ្យដឹងថា រថយន្ត​បានធ្វើ​ដំណើរ​តាមផ្លូវ​បេតុង​(​ផ្លូវ​ទៅ​ភ្នំ​ប្រសិទ្ធិ​វង្ស​) ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​នៅពេល ធ្វើដំណើរ​មកដល់​កន្លែង​កើតហេតុ ក៏បាន​បុក​ម៉ូតូ​ស្តុ​ប​ពី​ពណ៌​ស​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្របគ្នា បណ្តាលឱ្យ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​។​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រថយន្ត ក៏បាន​ព្យាយាម​បើក​រត់គេចខ្លួន​ក៏​ជ្រុល​ទៅបុក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយគ្រឿង​ទៀត​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅនឹងកន្លែង ។​ចំណែក​បុរស​ជា​ប្តី ដែលជា​អ្នក​ឌុប និង​កូនប្រុស​អាយុ ៥​ឆ្នាំ បាន​រងរបួស ។ រថយន្ត​ក៏បាន​ជ្រុល​ឡើង​ចិញ្ចើមផ្លូវ ទៅបុករ​បងសំណាញ់​និង​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ក្រឡាប់​។​ភ្លាមៗ អ្នកភូមិ ក៏បាន​នាំគ្នា ទៅ​គាស់​រថយន្ត ដើម្បី​ឃាត់ខ្លួន អ្នកបើកបរ រួច​ប្រគល់ឱ្យ​នគរបាល​មូលដ្ឋាន ដើម្បី ចាត់ការ​តាមច្បាប់​៕​សរន​-PC