ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ប្រមុខទ័ពជើងទឹកអាម៉េរិកបាននិយាយនៅវេទិកាមួយស្តីពីកងទ័ពជើងទឹកនិងអាកាសកាលពីថ្ងៃពុធសប្តាហ៍មុនថាប្រាំពីរខែបន្ទាប់ពីទទួលបានចំណាត់ថ្នាក់សមត្ថភាពប្រតិបត្តិការដំបូងរបស់ខ្លួន (IOC) យន្តហោះដឹកជញ្ជូននៅលើនាវា ធុន CMV-22B Osprey ថ្មីរបស់កងទ័ពជើងទឹកអាម៉េរិក បានសបញ្ជាក់ខ្លួនវាជា “អ្នកផ្លាស់ប្តូរស្ថានការណ៍” នៅលើការដាក់ពង្រាយលើកដំបូងរបស់វា។

អនុឧត្តមនាវីឯក លោក កេនណិត វ៉ាយសែល (Kenneth Whitesell) មេបញ្ជាការកងទ័ពអាកាសផ្នែកជើងទឹក (NAVAIR) និងកងនាវាចរណ៍ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងព្រឹត្តិការណ៍កិច្ចសន្ទនាសន្តិសុខដែនសមុទ្រ ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ និងវិទ្យាស្ថានទ័ពជើងទឹកអាម៉េរិក យ៉ាងដូច្នេះថា”ជាមួយនឹងជម្រើសចែកចាយតាមដែនសមុទ្របានច្រើន ដូចជា រយៈចម្ងាយឆ្ងាយជាងមុន ការធ្វើប្រតិបត្តិការចម្ងាយឆ្ងាយរវាងនាវាផ្ទុកយន្តហោះ ការធ្វើប្រតិបត្តិការរវាងមូលដ្ឋានឆ្ងាយៗលើដីគោកនិងសមត្ថភាពរបស់យន្តហោះ CMV-22B ចុះចតនៅលើលំហដែលគ្មានការកែលម្អ វាបានសបញ្ជាក់ថាជាអ្នកផ្លាស់ប្តូរស្ថានការណ៍សម្រាប់ពួកយើងលើការដាក់ពង្រាយ”។

យន្តហោះដឹកជញ្ជូនធុន CMV-22B Osprey ថ្មីរបស់អាម៉េរិក

យន្តហោះ CMV-22B គឺជាការកែលម្អចេញពីយន្តហោះធុន MV-22B ដែលប្រើប្រាស់ដោយកងម៉ារីនអាម៉េរិកសម្រាប់ជាយន្តហោះប្រយុទ្ធដែលគាំទ្រការសណ្តោងកម្រិតមធ្យមស្តង់ដាររបស់វា។យន្តហោះបែបឧទ្ធម្ភាគចក្រនេះត្រូវបានរចនាឡើងដើម្បីជំនួសយន្តហោះ C-2A Greyhound COD ដែលមានស្រាប់របស់កងទ័ពជើងទឹកដែលជាយន្តហោះម៉ាស៊ីនភ្លោះដែលបានចូលបម្រើសេវាកម្មជាលើកដំបូងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០។

លោកវ៉ាយសែលបានលើកឡើងពីគុណសម្បត្តិជាច្រើនដែលយន្តហោះ CMV-22B មានលើយន្តហោះ MV-22 និងយន្តហោះ Greyhound របស់កងម៉ារីន។

លោកបាននិយាយថា “ការកើនឡើងនៃការផ្ទុកប្រេងឥន្ធនៈ” បានផ្តល់ឱ្យវានូវរយៈចម្ងាយប្រតិបត្តិការឆ្ងាយជាងយន្តហោះ MV-22 ។

យន្តហោះ CMV-22B ក៏មានរយៈចម្ងាយឆ្ងាយជាងយន្តហោះ Greyhound ផងដែរ៕