ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
លែនពែន
នាមសព្ទ
ឈ្មោះវល្លិមួយប្រភេទ ដើមសំប៉ែតដំបារសាច់ទន់ជ្រាក
វល្លិលែនពែនច្រើនដុះក្នុងព្រៃរនាម; ចងក្រៀកឈើហុបនឹងវល្លិលែនពែន ។
សញ្ញា
(ស័ញ-ញ៉ា)
នាមសព្ទ
( បា.; សំ. សំជ្ញា ) សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន
សញ្ញាជាធម្មជាតិមួយជាជំនួយចិត្តឲ្យចំណាំអ្វីៗបាន ។
នាម, អសាធារណនាម
ក្រុងភ្នំពេញ, ក្រុង ជាសញ្ញី ឬជាសាធារណនាម, ភ្នំពេញ ជាសញ្ញា ឬជាអសាធារណនាម ( ព. វ. ) ។
ដំណើរសម្ដែងអាការជាគ្រឿងសម្គាល់ឲ្យដឹងគ្នា
មិចភ្នែកឲ្យសញ្ញាគ្នា ។
ខ្មែរប្រើសំដៅសេចក្ដីថា “ការធ្វើសេចក្ដីប្ដេជ្ញា, ការសន្យាគ្នា, ខសន្យា” ក៏បាន : ធ្វើសញ្ញាយល់ព្រមទៅវិញទៅមក; សំបុត្រសញ្ញា ។ សញ្ញាខន្ធ ពួកឬកងសញ្ញាដែលរាប់ថាជាខន្ធមួយក្នុងខន្ធទាំង ៥ ( ព. អ. ) ។ សញ្ញាចេតសិក សញ្ញាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ ( ព. អ. ) ។ សញ្ញានិរោធ ដំណើររលត់សញ្ញា, សេចក្ដីរលត់ការចងចាំ ។ សញ្ញាប័ដ ( –បាត់ ) ដំបារ, ផ្ទាំង, បន្ទះ ( ស្ពាន់, ឈើ ឬប្រាក់, មាស, . . . ) ដែលមានអក្សរកត់ត្រាសេចក្ដីជាគ្រឿងសម្គាល់មុខការ ឬសម្គាល់ជាត្រាតាំង ។ សញ្ញាបត្រ ឬ –ប័ត្រ ( –បាត់ ) ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឲ្យជាព័ស្ដុតាងដល់អ្នករៀនដែលប្រឡងជាប់ មានអំណាចត្រូវទទួលយក ( តាមលក្ខណប្បញ្ញត្តិ )
សញ្ញាបត្រប្រថមវិទ្យា, សញ្ញាបត្រឧត្ដមវិជ្ជា ។
សញ្ញាវិបត្ដិ ( –បាត់ ) ការភ្លាត់សញ្ញា ។ សញ្ញាវិបរិត ការប្រែប្រួលសញ្ញា ។ សញ្ញាវិបល្លាស ( –បុ័ល-ល៉ាស ) ដូចគ្នានឹង សញ្ញាវិបត្តិ, សញ្ញាវិបរិត ដែរ ( ម. ព. វិបល្លាស ផង ) ។ សញ្ញាវិមោក្ខ ការរួចឬផុតចាកសញ្ញា; ការរួចឬផុតព្រោះសញ្ញា ។ សញ្ញាវិសេសនៈ ( –សៈន៉ៈ ) សព្ទជាវិសេសនៈរបស់អសាធារណនាម ( ព. វ. ) ។ ល ។
សញ្ញាណ
(ស័ញ-ញ៉ាន)
នាមសព្ទ
( បា.; សំ. សំជ្ញាន ) សេចក្ដីដឹងជាក់, ការយល់ច្បាស់, សេចក្ដីចូលចិត្តស៊ប់; គ្រឿងសម្គាល់, អ្វីៗដែលប្រើជាគ្រឿងសម្គាល់កិច្ចការនីមួយ; យីហោ ។ សញ្ញាណប័ដ ( ស័ញ-ញ៉ាណៈបាត់ ) ដំបារឬបន្ទះស្ពាន់ជាដើម ដែលឆ្លាក់ឬសរសេរអក្សរជាគ្រឿងសម្គាល់ការអ្វីមួយ, ដែលឆ្លាក់ឬសរសេរយីហោ ( ម. ព. សមញ្ញាប័ដ ក្នុងពាក្យ សមញ្ញា ផង ) ។
ហិរញ្ញ
(—រ៉ាញ់)
នាមសព្ទ
( បា. ឬ សំ. ) ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់( ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្ដី ដែលរម្លាយសិតជារូបប្រាក់រូបមាសសម្រាប់ចាយក្ដី )
ទ្រព្យ ។
សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ”ប្រាក់” ប៉ុណ្ណោះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —រ៉ាញ់-ញៈ ឬ—រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬហិរណ្យ—ជាងប្រាក់ ( បើស្ត្រីជា—ការិកា ) ។ ហិរញ្ញគព្ភ ឬហិរណ្យគ័ភ៌ ( —គ័ប ឬ—គ័រ) ព្រះព្រហ្ម ។ ហិរញ្ញប័ដ, —បដ្ដ ឬ ហិរណ្យ—ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់( ហៅ ធនបត្រ ក៏បាន ) ។ ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។ ហិរញ្ញម័យ ឬហិរណ្យ— ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
របស់ហិរញ្ញម័យ ។
ហិរញ្ញមូល ឬហិរណ្យ—ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន ។ ហិរញ្ញវត្ថុ ឬហិរណ្យព័ស្ដុ( —ព័ស) ប្រាក់សម្រាប់ចាយ ។ ល ។
ហៀន
នាមសព្ទ
ឈ្មោះខ្យងគោកមួយប្រភេទ រាងត្រមៀចសម្បុរ-ស, កាលណាបញ្ចេញខ្លួនពីក្នុងសំបកមានសាច់ពីរដុំវែងៗសណ្ឋានជាស្នែង, នៅអាស្រ័យនឹងដើមឈើក្នុងព្រៃត្រជាក់
ខ្យងហៀន ។
គូទខ្យងទាំងពួងដែលមានសណ្ឋានវិលវៀនខាងក្នុងតូចខាងក្រៅធំ
ហៀនគូទខ្យង ។
ឈ្មោះក្បាច់មានសណ្ឋានកួចចូលជ្រៅស្ដើងម្ខាងវិលវៀនស្រដៀងនឹងគូទខ្យង
ក្បាច់ហៀន ឬក្បាច់មានហៀន ។
ដំបារប្រាក់ឬស្ពាន់មានសណ្ឋានមូលមានក្បាច់ចម្លាក់ ប្រើការដាក់ភ្ជាប់នឹងឃ្លុំសេះ
ហៀនឃ្លុំសេះ ។