​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ កក្កដា នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បើក​កិច្ចប្រជុំ​ជាមួយ មន្ត្រី​ជំនាញ​របស់​សហព័ន្ធ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ របស់​សហព័ន្ធ ។​

​អ្វី​ដែលជា​កត្តា​សំខាន់​នោះ គឺ​ត្រួត​ពិនិត្យមើល​ឡើងវិញ នូវ​បញ្ហា​ដែល​នៅ​សេ​សល់​នានា ក្នុងការ​ត្រៀមខ្លួន សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​លោក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ បាន​អញ្ជើញ​ចូលរួម ក្នុងការ​ប្រជុំ​នោះ ដើម្បី​មើល​ពី របាយការណ៍​របស់ គណៈកម្មការ​ជំនាញ​នីមួយៗ ការអភិវឌ្ឍន៍​សមត្ថ​ភាព​កីឡាករ កី​​ឡា​ការិនី ថា​តើ​បន្ទាប់ពី​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម សមត្ថភាព​របស់គេ មានការ​រីកចម្រើន ឬ​នៅ​ទ្រឹង​ដដែល ឬក៏​មានការ​ស្រុតចុះ ។​

​កីឡាប្រដាល់​គុន​ខ្មែរ ជា​ប្រភេទ​កីឡា​ដែល​កម្ពុជា មាន​សក្ដានុពល​ខ្លាំង​បំផុត តែ​កម្ពុជា​​ក៏​មិនទាន់​បានទទួល មេដាយមាស លើសពី ១​គ្រឿង​ដែរ ។ មានតែ​អ្នក​ប្រដាល់​ចំនួន ២ រូប​តែប៉ុណ្ណោះ ដែល​ដណ្ដើមបាន​មេដាយមាស ពី​ស៊ី​ហ្គេម គឺ​អ្នក​ប្រដាល់ ឃុន ឌី​ម៉ា និង​នៅ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម អ្នក​ប្រដាល់ ប៉ោ ភា​រិ​ទ្ធ ដែល​គេ​ស្គាល់​ជាទូទៅ​ថា យ៉េន ឌី​ណា នោះ ប្រជែង​បាន​មេដាយមាស លើ​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ឆ្នាំ​ក្រោយនេះ ប្រ​ដាល់​គុន​ខ្មែរ មាន​អ​ម្រែ​ក​ធ្ងន់​គ្រាន់បើ ព្រោះ​គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) ដាក់​ស​ន្ទ​ស្សន៍​មេដាយ ឲ្យ​ប្រដាល់​គុន​ខ្មែរ រកបាន​មេដាយមាស យ៉ាងហោចណាស់ ក៏ ៣ គ្រឿង​ដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា អ្វី​ដែលជា​គោលដៅ ដែល​យើង បានកំណត់​ហើយ​នោះ យើង​ត្រូវតែ​ធ្វើ​ឲ្យ​បាន ព្រោះ​ពេលនេះ ជំងឺ​កូ​វីដ ១៩ បាន​ធូរស្រាល​​ខ្លះៗ​ហើយ ជាមួយនឹង​ការធូរស្រាល​នេះ ស្ថានីយ៍ទូរទស្សន៍​ជាច្រើន បាន​បើក​ដំណើរការ​ប្រកួត​វិញ ដែល​នេះ​ជា​ឱកាស​មាស សម្រាប់​អ្នក​ប្រដាល់​សម្លៀង​សមត្ថភាព សម្រាប់​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ។​

​លោក​បាន​បន្តថាៈ ការប្រកួត គឺជា​វេទិកា​ដ៏​សំខាន់ ដើម្បី​ពង្រីក​សមត្ថភាព​កីឡាករ កីឡាការិនី​​បើ​គ្មាន​ការប្រកួត​ទេនោះ ទើប​អត្ត​ព​លិ​ក​របស់​យើង មិនមាន​ការរីកចម្រើន​ឡើយ​៕/V​