ដោយ​៖ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម​/ភ្នំពេញ៖​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម រៀបចំ​វេទិកា​អន្តរ​ជំនាន់​ដោយមាន​ការចូលរួម​ដោយ ម៉ៅ វណ្ណា និង ឡុង គឹម​ស្រ៊ាង គឺជា​មិត្តភក្តិ​ពី​កុមារភាព​និង​ជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រួម​នឹង​និស្សិត​ចំនួន​១៨​នាក់​មកពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម​។ វេទិកា​អន្តរ​ជំនាន់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​និស្សិត​អាច​ស្ដាប់​រឿងរ៉ាវ​ជីវិត​រស់នៅរ​បស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជំរុញ​ឲ្យ​ការយល់ដឹង​បន្ថែម​លើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

​មុនពេល​ចាប់ផ្ដើម​វេទិកា​អន្តរ​ជំនាន់​នេះ លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម បានទទួល​ស្វាគមន៍​ទៅកាន់​និស្សិត​ទាំងអស់ និង​ធ្វើ​បទ​បង្ហាញ​អំពី​ផ្ទាំង ពិព័រណ៍​ធំៗ​ពី​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម ការជម្លៀស​ប្រជាជន និង​ការធ្វើការងារ​នៅ​ការ​រដ្ឋា​ន​។ ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ និស្សិត​បាន​ចូលទៅ​ទស្សនា​បន្ទប់​ឯកសារ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ផ្ទុក​ឯកសារ​រាប់សែន​ទំព័រ​។ និស្សិត បាន​ពិនិត្យមើល និង​ចាប់អារម្មណ៍ ឯកសារ​បទសម្ភាសន៍​ដែល​ចងក្រង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

​ជា​កិច្ច​បន្ត ម៉ៅ វណ្ណា ចែករំលែក​រឿងរ៉ាវ​ជី​វិត​របស់ខ្លួន​ទៅកាន់​និស្សិត​ចូលរួម ដោយ​ចាប់ផ្ដើម​ពី​ពេលវេលា​រៀន​នៅ​សាលាបឋមសិក្សា​ជាមួយ​មិត្តភក្ដិ​ពី​កុមារភាព​ជាមួយ ឡុង គឹម​ស្រ៊ាង រហូតដល់​ពេលវេលា​ធ្វើការ​នៅ​កងចល័ត​រយ​នៅ​ការដ្ឋាន​ឆ្ន័​ត្រ​។​
​ម៉ៅ វណ្ណា បន្តថា​៖ «​នៅ​វ័យ​កុមារ ខ្ញុំ​រៀនសូត្រ​ជាមួយ​មិត្ត​របស់ខ្ញុំ​ឈ្មោះ គឹម​ស្រ៊ាង នៅ​សាលា បឋមសិក្សា​វត្ត​គ្រូ​អ៊ុក ស្ថិតនៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន​។ ខ្ញុំ និង គឹម​ស្រ៊ាង បាន​បែក​គ្នា នៅពេលដែល​សង្គ្រាម​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៧២​។ នៅពេលនោះ ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន គឺជា​សមរភូមិ​ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​។ ខ្ញុំ​ចាក​ចេញពី​ភូមិ​ទី​៨ ទៅ​រស់នៅ​ជាមួយ​ឪពុក បង្រៀន​នៅ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​ទីក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​បន្ត​ការសិក្សា​នៅ​ទីនោះ ចំណែកឯ គឹម​ស្រ៊ាង រត់​ភៀសខ្លួន​ទៅខាង​ជី​ហែ​គឺជា​តំបន់​រំដោះ​ខ្មែរក្រហម​នៅពេលនោះ​។ នៅពេល​ទីក្រុង​ភ្នំពេញ​ត្រូវ​វាយ​បែក​ដោយ​កងទ័ព​រំដោះ​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ និង​គ្រួសារ បាន​ជម្លៀស​មកកាន់​ភូមិ​ទី​៨​វិញ​។ នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ជួបគ្នា​ជាមួយ គឹម​ស្រ៊ាង ជាថ្មី ម្ដងទៀត គឺ​នៅ​កងចល័ត​រយ​នៅ​ការដ្ឋាន​ឆ្ន័​ត្រ​។ នៅពេលនោះ ខ្ញុំ​គឺជា​ប្រជាជន​ថ្មី​ត្រូវបាន​ដាក់​ឲ្យ ធ្វើការ​នៅ​កងចល័ត​តាម​ការដ្ឋាន រួមមាន លើកដី ភ្ជួរ​រាស់ និង​ដាំ​ដំណាំ​។ ចំណែក គឹម​ស្រ៊ាង គឺជា​ប្រធាន​កងចល័ត​រយ​ទទួលបន្ទុក​ដឹកនាំ​ខ្ញុំ និង​សម​មិត្ត ផ្សេងទៀត​ក្នុង​ការធ្វើការងារ​ប្រចាំថ្ងៃ​។ នៅ​ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បាន​ចូល មកដល់ និង​ចាប់ផ្ដើម​ស្រាវជ្រាវ​ប្រវត្តិ​ប្រជាជន​ថ្មី​ដើម្បី​យកទៅ​សម្លាប់​។ កងចល័ត​រយ​គឺមាន​ប្រជាជន​ថ្មី​សរុប​ចំនួន​១២​នាក់​។ ខ្ញុំ​មានឈ្មោះ​នៅក្នុង​ចំណោម​ប្រជាជន​ថ្មី​ទាំង​១២​នាក់​នោះ​។ នៅ​យប់​មួយ គឹម​ស្រ៊ាង ជា​ប្រធាន​កងចល័ត​រយ ដើរ​ស្រង់​ឈ្មោះ​ដើម្បី​យកទៅ​សម្លាប់​។ នៅពេលនោះ គឹម ស្រ៊ាង ស្រង់​ឈ្មោះ​ប្រជាជន​ថ្មី​ត្រឹមតែ​១១​នាក់​តែប៉ុណ្ណោះ​។ នៅ​ព្រឹក​បន្ទាប់ អ្នក​ទាំង​១១​នាក់​ដែល សម​មិត្ត គឹម​ស្រ៊ាង ស្រង់​យក​គឺ​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​យកទៅ​សម្លាប់ ទាំងអស់​។ ខ្ញុំ​រួច​ផុតពី​សេចក្ដីស្លាប់​នៅពេលនោះ និង​នៅតែ​គិតថា​មិត្តភក្ដិ​ពី​កុមារភាព​របស់ខ្ញុំ គឹម​ស្រ៊ាង បាន​ជួយ​ជីវិត​របស់ខ្ញុំ​។ បើទោះបីជា​ខ្ញុំ​មាន​វាសនា​រួច​ផុតពី​សេចក្ដីស្លាប់ ឪពុកម្ដាយ និង​បងប្អូន​ប្រុស​ស្រី របស់ខ្ញុំ​ត្រូវ​ខ្មែរក្រហម​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដោយបាន​ចង​ទម្លាក់​ចូលក្នុង​ទន្លេ​។​»

​វាគ្មិន​បន្ទាប់​គឺ ឡុង គឹម​ស្រ៊ាង និយាយប្រាប់​អំពី​បទពិសោធន៍​ជីវិត​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ឈ្មោះ ឡុង គឹម​ស្រ៊ាង អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ នៅ​វ័យ​កុមារ ខ្ញុំ​រៀន​នៅ​សាលាបឋមសិក្សា​វត្ត​គ្រូ​អ៊ុក​ត្រឹម​ថ្នាក់​ទី​១០ ជាមួយ​មិត្ត​របស់ខ្ញុំ វណ្ណា​។ ខ្ញុំ ឃើញ​អ្នកភូមិ​ជាច្រើន​ចូលរួម​បាតុកម្ម​ដង្ហែ​ទៅ​ទី​រួម​ខេត្តកំពង់ចាម បន្ទាប់ពី​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០​។ នៅ​ឆ្នាំ​១៩៧១ កងទ័ព​រំដោះ​ខ្មែរក្រហម​ចាប់ផ្ដើម​ចូលមកក្នុង​ភូមិ​ជា​បណ្ដើរៗ និង​សូម​ផ្ទះ​អ្នកភូមិ​ស្នាក់នៅ​។ នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​ឃើញ​មាន​យន្តហោះ​ទ្រុង​ជ្រូក​ហោះ​មក​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​នៅ​ភូមិ​។ ពេលនោះ ខ្ញុំ​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ភូមិ​មហាលាភ​។ នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​វិល​ត្រឡប់មក​ភូមិកំណើត​វិញ​។ នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​ចូលធ្វើការ​នៅក្នុង​កងចល័ត​នារី និង​កង​ចុងភៅ​រោង​បាយ​រួម​ស្ថិតនៅ​កោះសូទិន​។ នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវ ដាក់​ធ្វើជា​ប្រធាន​កង​រយ ដែល​ក្ដាប់​មនុស្ស​ចំនួន​៩៧​នាក់​។ កងចល័ត​រយ​គឺមាន​ទិសដៅ​ធ្វើ​ការងារ​នៅ​ការដ្ឋាន​ឆ្ន័​ត្រ​ស្ថិតនៅ​ខាង​អូររាំងឪ​។ នៅ​ឆ្នាំ​១៩៧៧​ដដែល ខ្ញុំ​ទទួលបាន​បទបញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​សម​មិត្ត​ចំនួន​៣៤​នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​កងចល័ត​រយ​នេះ​។ ដោយ​គ្មាន​ជម្រើស​អ្វី ខ្ញុំ​ដើរ​ស្រង់​ឈ្មោះ​មិត្ត​ចំនួន​៣៤​នាក់​នោះ និង​ប្រគល់​ដល់​ប្រធាន​ក្ដាប់​ធំ គឺ​សម​មិត្ត ជុន​។ នៅ​ថ្ងៃ បន្ទាប់ ខ្ញុំ​ដឹងថា​ឈ្មោះ​មិត្ត​ទាំង​ចំនួន​៣៤​នាក់​នោះ​ត្រូវបាន​សម្លាប់​នៅ​ទីវាល​ក្រោយ​ភូមិ ទីតាំង​សម្លាប់​នោះ​គឺជា​គុក​ចាន់​អណ្ដែត​។ បន្ទាប់មក​ខ្ញុំ​ត្រូវ បញ្ជា​ឲ្យ​បន្ត​ស្រង់​ឈ្មោះ​ប្រជាជន​ថ្មី ដែល​នៅ​សេសសល់​ក្នុង​កងចល័ត​រយ​នោះ​។ ខ្ញុំ​ស្រង់​បាន​ឈ្មោះ​ត្រឹមតែ​១១​នាក់​តែប៉ុណ្ណោះ​។ នៅពេលនោះ ខ្ញុំ​មិនដឹងថា​សម​មិត្ត វណ្ណា គឺជា​ប្រជាជន​ថ្មី​ដែល​ត្រូវបាន​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​នោះឡើយ ទើប​ខ្ញុំ​មិនបាន​ដាក់ឈ្មោះ​របស់​វណ្ណា​នៅក្នុង​បញ្ជី​សម្លាប់​។ ខ្ញុំ​គ្រាន់តែ​ដឹងថា វណ្ណា​ក៏​ជា​ប្រជាជន​មូលដ្ឋាន​ដូច​ខ្ញុំ​ដែរ​។ នៅ​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​ឮដំណឹង​អំពី​សារាចរ​ឈប់​សម្លាប់​មនុស្ស និង​បាន​វិលត្រឡប់​មក​ភូមិ​វិញ​។​»

​បន្ទាប់ពី​ការនិយាយ​ប្រាប់​រឿងរ៉ាវ​ជីវិត​របស់​វា​គ្មិ​ន​ទាំងពីរ​មក និស្សិត​ចូលរួមបាន​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​ភាព​សោកសង្រេង និង​ការបាត់បង់​គ្រួសារ​នៅក្នុង​របប​ខ្មែរក្រហម និង​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ដូចខាងក្រោម​៖

​សុខ ចំរើន គឺជា​និ​ស្សត​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំ​ពង់​ចាម លើកឡើងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​អាណិតអាសូរ​ដល់​អ៊ំស្រី​ទាំងពីរ ដែល​រស់នៅក្នុង​ភាពលំបាក​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត និង​ការបាត់បង់​សមាជិកគ្រួសារ​។ ខ្ញុំ​ពិតជា​រំភើប​នៅ​ចំពោះ​មិត្តភាព​របស់​អ៊ំស្រី​ទាំងពីរ​នាក់​។ បើទោះបីជា​សង្គ្រាម និង​របប​ខ្មែរក្រហម​បាន​បំបែក​ភាព​ស្និត​ស្នាល និង​ទំនុកចិត្ត​យ៉ាងណាក៏ដោយ អ៊ំស្រី​ទាំងពីរ​នៅតែ​គោរព​រាប់អាន​គ្នា​ជា​មិត្តភក្តិ​ពី​កុមារភាព​។​»

​ដឿ​ង គឹម​ឡាង គឺជា​និស្សិត​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំ​ពង់​ចាម បង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ទទួល​អារម្មណ៍​លំបាក​វេទនា និង​ខ្លោចផ្សា​។ ខ្ញុំ​មិនបាន​ដឹង​ពី​រឿងរ៉ាវ​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​ជ្រាលជ្រៅ​ប៉ុន្មាន​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ឮ​តាម​ជីដូន​របស់ខ្ញុំ​និយាយប្រាប់​ខ្លះ​នៅពេលនោះ​។ ក្រោយពី​បាន​ស្ដាប់​ផ្ទាល់​បែបនេះ ខ្ញុំ​ពិតជា​អាណិតអាសូរ​ដល់​អ្នក​ដែល​បានរស់នៅ​ក្នុង​របប​ខ្មែរក្រហម​រួមទាំង​ជីដូន​របស់ខ្ញុំ​ផងដែរ​។​»៕សរន

ម៉ៅ វណ្ណា (​ស្ដាំ​) និង ឡុង គឹម​ស្រ៊ាង (​ឆ្វេង​) ចែករំលែក​រឿងរ៉ាវ​ជី​វិត​ក្នុង​របប​ខ្មែរក្រហម​ទៅកាន់​និស្សិត មកពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម​។ (​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

វេទិកា​អន្តរ​ជំនាន់​នៅ​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​។​(​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​និស្សិត​មកពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម​ទស្សនា​ពិ​ព័រ​ណ៌​នៅ​បរិវេណ​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​។ (​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ការបង្ហាញ​ឯកសារ​បទសម្ភាសន៍​ទៅកាន់​និស្សិត​មកពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម​នៅ​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​។ (​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

និស្សិត សុខ ចំរើន រៀន​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំ​ពង់​ចាម (​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

និស្សិត ដឿ​ង គឹម​ឡាង រៀន​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំ​ពង់​ចាម​(​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ម៉ៅ វណ្ណា ប្រគល់​ទស្សនាវដ្ដី​ស្វែងរក​ការពិត​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កំ​ពង់​ចាម(​រូបថត​៖ លី ដេវីដ​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)