វិវាទ​ដីធ្លី​មួយកន្លែង​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ភាពមិនប្រក្រតី​ដោយសារតែ​របាយការណ៍​បំភ័ន្ត​របស់​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៣៥

.​សុំ​ឲ្យ​ក្រសួង​បដិសេធចោល​លិខិត​លេខ​៩៤២ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨

1499
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក ហេង រ៉ា​ន់ ប្រធាន​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៣៥ នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​របាយការណ៍​បំភ័ន្ត​មួយ​ធ្វើ​ឲ្យ​ថ្នាក់​ដឹក នាំ​មានការ​យល់ច្រឡំ វាយតម្លៃ​ខុស​លើ​ករណី​វិវាទ​ដីធ្លី​មួយកន្លែង​នៅ​ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ បង្កអោយមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ម្ចាស់​កម្ម​សិ​ទិ្ធ​ដី​ស្របច្បាប់​។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​លេខ​៩៤២ ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ដោយ​សន្និដ្ឋានថា តាម​ការពិនិត្យ​ផ្ទៀងផ្ទាត់​កំណត់ហេតុ​អង្កេត​ដី​ជាមួយនឹង​ប្លង់​ទីតាំង​ដី​វិវាទ ឃើញថា ដី​របស់​ឈ្មោះ អ៊ូ ប៊ុន​ណា​រិ​ទ្ឋ ពិតជា​ជាន់​លើដី​ឈ្មោះ ពិន នង ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ត្រឹម​ត្រួវ​។​

​លោក​អ៊ូ ប៊ុន​ណា​រិ​ទ្ធ និង​លោក​ជូ ពុន ភាគី​ក្នុង​វិវាទ​ដីធ្លី​នេះ បាន​សំណូមពរ​សុំអោយ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បដិសេធចោល​ទាំងស្រុង​នូវ​លិខិត​លេខ​៩៤២ ខាងលើនេះ​ចោល​ជា​អសា​បង់ ព្រោះ​ការសន្និដ្ឋាន​នេះ​បាន ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ចំណាត់ការ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ដែល​តុលាការ​កំពុង​ចាត់ការ​តាំងពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ មក ។​

​មូល​ហេតុដែល​នាំអោយមាន​ការសុំ​បដិសេធ​នេះ បាន​ត្រូវ​លោក​អ៊ូ ប៊ុន​ណា​រិ​ទ្ធ និង​លោក​ជូ ពុន អះអាងថា​របាយការណ៍​របស់លោក​ហេង រ៉ា​ន់ ភាគច្រើន​គឺ​យោងទៅលើ​ការ​អះអាងថា​របស់លោក​ស្រី ពិន នង ដោយ​ភ្ជាប់​បណ្ណ​កម្ម​សិ​ទិ្ឋ​ចំនួន​បី​ប័ណ្ណ ដែល​បានសរសេរថា ដី​បី​កន្លែង​នេះ​ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ទីតាំង​ដី​នេះ ត្រូវបាន​កាត់​ចូល​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​វិញ​។ ប៉ុន្តែ​តាមពិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​មិនបាន​កាត់​ចូល​ភូមិ​អណ្តូង​ថ្ម​មាស ទេ ហើយ​ម្យ៉ាងទៀត តាម​អនុ​ក្រិត​លេខ ១០២ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១ របស់ រាជរដ្ឋាភិបាល​ក៏បាន​បញ្ជាក់ដែរថា ភូមិ​គីឡូម៉ែត្រ​លេខ​៤ និង​ភូមិ​អណ្តូង​ថ្ម​មាស នៅ​ទីតាំង​ផ្សេង​ពីគ្នា ពោលគឺ​មិនអាច​ជាន់គ្នា​ជាមួយ​លោកស្រី​ពិន នង បានឡើយ​។ ពិសេស​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ លោក​សោម ខន មេភូមិ​អណ្តូង​ថ្ម​មាស បានចេញ​លិខិត​បញ្ជាក់ថា ដីស្រែ​ទំហំ​៩១២២៥​ម៉ែត្រការ៉េ ដែល​ឈ្មោះ​អ៊ូ ប៊ុន​ណា​រិ​ទ្ឋ កាន់កាប់​បច្ចុប្បន្ននេះ​ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតប្រាកដ​មែន​។

​លោក អ៊ូ ប៊ុន​ណា​រិ​ទ្ធ និង​លោក ជូ ពុន បានធ្វើការ​កត់សម្គាល់​ថា លោក​ហេង រ៉ា​ន់ បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការចុះ​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​វិវាទ​ដីធ្លី​រវាង​ឈ្មោះ​ពិន នង និង​ឈ្មោះ​អ៊ូ ប៊ុន​ណា​រិ​ទ្ឋ ព្រមទាំង​ឈ្មោះ ជូ ពុន ជូនទៅ​ថ្នាក់ដឹកនាំ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ដោយ​សរសេរ​បំភ័ន្ត​ថា ទីតាំង​ដី​វិវាទ​ស្ថិតនៅ​អតីត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ បច្ចុប្បន្ន ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ធ្វើអោយ​ថ្នាក់ដឹកនាំ​មានការ​យល់ច្រឡំ ឈានដល់​ការ​សន្និដ្ឋានថា ទីតាំង​វិវាទ​ដី​របស់​ឈ្មោះ​អ៊ូ ប៊ុន​ណា​រិ​ទ្ឋ ពិតជា​ជាន់​លើដី​ឈ្មោះ​ពិន នង ទៅវិញ ព្រោះ​តាម​ការពិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ និង​ភូមិ​អណ្តូង​ថ្ម​មាស មានឈ្មោះ​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម និង​មាន​ទីតាំង​ផ្សេងគ្នា ពោលគឺ​មិនអាច​ជាន់គ្នា​បានឡើយ​។

​លោក​អ៊ូ ប៊ុន​ណា​រិ​ទ្ធ និង​លោក ជូ ពុន បានកត់សម្គាល់​ទៀតថា របាយការណ៍​របស់លោក​ហេង រ៉ា​ន់ ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ។ រយៈពេល​ជាង​មួយខែ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វិវាទ​ដីធ្លី​នេះ​បាន​ត្រូវដាក់​ចូលដល់​តុលាការ​បង្ក​ទៅជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ ១២១៤ ដើម្បីអោយ​លោក ហុក ពៅ ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​ជា​សមត្ថកិច្ច​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ បែរជា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​មួយ​ជម្រាបជូន​គូរ​ភាគី ដោយ​គូសបញ្ជាក់ថា វិវាទ​ដីធ្លី​ដែល​បាន​ចុះបញ្ជី​សុរិយោដី​រួចហើយ គឺ​ដីធ្លី​ដែលមាន​ប័ណ្ណ​សម្គាល់​សិ​ទិ្ឋ​គ្រប់​ប្រភេទ​ដែល​ចេញ​ដោយ​រដ្ឋបាល សុរិយោដី​ត្រូវ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​តុលាការ​ទៅវិញ​។ បញ្ហា​នេះ​ប្រៀប​បីដូច​ជា​ករណី​កូន​កើតមុន​ឪ ចៅ​ពរ​តា​ដើរលេង ហើយ​ក្លាយជា​សម្ពាធ​មួយ​ដល់​យុត្តាធិការ ដោយសារតែ​ក្រសួង​បានធ្វើ​សេចក្តី​សន្និដ្ឋានថា តាម​ការពិនិត្យ​ផ្ទៀងផ្ទាត់​កំណត់ហេតុ​អង្កេត​ដី​ជាមួយនឹង​ប្លង់​ទីតាំង​ដី​វិវាទ​ឃើញថា ដី​របស់​អ៊ូ ប៊ុន​ណា​រិ​ទ្ឋ ពិតជា​ជាន់​លើដី​ពិន នង ដែលមាន​ប័ណ្ណ​សម្គាល់​សិ​ទិ្ឋ​កាន់កាប់​អចលនវត្ថុ​ពោលគឺ​សេចក្តីសន្និដ្ឋាន​នេះ​អាចធ្វើ​ឲ្យ​តុលាការ​មាន​ការសម្រេចខុស​។​

​យោងតាម​ការរៀបរាប់​ខាងលើនេះ អ៊ូ ប៊ុន​ណា​រិ​ទ្ធ និង​លោក ជូ ពុន សំណូមពរ​អោយ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បដិសេធចោល​ទាំងស្រុង​នូវ​លិខិត​លេខ​៩៤២ ខាងលើនេះ​ចោល​ជា​អសា​បង់ ព្រោះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​គូភាគី​ក្នុង​សំណុំ​រឿងនេះ ដោយសារតែ​ការសន្និដ្ឋាន​ដោយ​អ្នកជំនាញ​បែបនេះ និង​សំណូមពរ​សុំអោយ​ក្រសួង​រៀបចំ​ក្រុមអធិការកិច្ច​ចុះ​ពិនិត្យ​ស្រាវជ្រាវ វិវាទ​ដីធ្លី​នេះ​ឡើងវិញ ដើម្បី​ធានា​នូវ​តម្លាភាព​និង​ភាពយុត្តិធម៌​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម