ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅលើ​រាជធានី​ភ្នំពេញ ល្ងាច​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់ ថែម​ច្រើន​មកទៀត បន្ទាប់ពី​មាន​ភ្លៀង​បាន​ធ្លាក់ ដល់​កម្រិត​ជាង ៧០ មី​លី​ម៉ែត្រ នៅ​តំបន់​ខ្លះ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ហើយ​ការ​ភ្លៀង​ធ្លាក់​បែបនេះ នៅ​រាជធានី​ភ្នំពេញ កើតមាន​រាល់ថ្ងៃ រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​ថាៈ នៅលើ​រាជធានី​ភ្នំពេញ ចាប់ពី​រសៀល ថ្ងៃនេះ (១៩​កក្កដា​) រហូតដល់​យប់ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី មធ្យម​ទៅ​ច្រើន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត​ជាង ៧០ មី​លី​ម៉ែត្រ លើ​ផ្នែក​ខ្លះ កាលពី​ថ្ងៃទី​១៨ ខែកក្កដា រួចមក​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​២២ ខែកក្កដា នៅ​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ដោយសារ​ឥទ្ធិពល ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​។ នៅ​ល្ងាច​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​ក្របខណ្ឌ​ស្ទើរ ទូទាំងប្រទេស ដោយ​រុញ​ពី​និរតី ទៅ​ភាគ​ឦសាន ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

​របាយ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​រយៈពេល ២៤ ម៉ោង លើ​រាជធានី​ភ្នំពេញ ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នៅ​តម្រង​ផ្សារ​ដើម​គរ មាន​កម្រិត ២០ មី​លី​ម៉ែត្រ តម្រង​សែន​សុខ ២៩ មី​លី​ម៉ែត្រ តម្រង​ចោមចៅ ៣៣ មី​លី​ម៉ែត្រ តម្រង​បឹង​ធំ ១០ មី​លី​ម៉ែត្រ តម្រង​ចាក់អង្រែ ៧៣ មី​លី​ម៉ែត្រ និង​តម្រង​ទួល​សង្កែ មាន​កម្រិត ៧១ មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ ពី​ភាគ​ខាងជើង ប្រទេស​ថៃ កាត់​លើ​ភាគខាងត្បូង ប្រទេស​ឡាវ និង​ភាគ​កណ្ដាល​ប្រទេស វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ ជាមួយគ្នានេះ បណ្តា​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​៕/V​